ភ្នំពេញៈ នារីម្នាក់សង្ស័យសារធាតុញៀនហួសកម្រិត យកកូនទើបកើតបាន៩ថ្ងៃ ជ្រលក់ទឹកទន្ល បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ជួយសង្គ្រោះក្មេង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតតាមមាត់ទន្លេក្នុងតំបន់មិនរៀបរយ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។
ស្ត្រីជាម្តាយខាងលើឈ្មោះ ទូច គឹមសៀងហៃ អាយុ២៤ឆ្នាំ មានទីលំនៅក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកកូនស្រីឈ្មោះ ច័ន្ទ មុន្នីនាថ អាយុ៩ថ្ងៃ (ជនរងគ្រោះ)។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញ ស្ត្រីជាម្តាយសង្ស័យថា ប្រើសារធាតុញៀនលើសកម្រិត នៅសុខៗស្រាប់តែយកកូនស្រីរបស់ខ្លួនអាយុ ទើបតែបាន៩ថ្ងៃ ប៉ុណ្ណោះ ដើរឡើងលើស្ពានបន្ទះឈើ ដែលប្រពលរដ្ឋធ្វើសម្រាប់ងូតទឹក ឬឆ្លងកាត់អែបច្រាំងទន្លេ។ ខណៈនោះស្ត្រីខាងលើ បានចាប់ជើងកូនឡើងលើ ជ្រលក់លើកជ្រលក់លើកក្នុងទឹកទន្លេ ថែមទាំងស្រែកគំរាមថា បើអ្នកណាហ៊ានចូលជួយកូននេះ គាត់នឹងទម្លាក់ចូលទឹកតែម្តង ពេលនោះប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានព្យាមលួងលោមស្ត្រីជាម្តាយ និងបានចាប់បំបែកកូនចេញពីម្តាយ ដើម្បីជួយសង្គ្រោះកូនឲ្យរួចផុតពីគ្រោះមរណៈ ដោយចំណាយអស់រយៈពេលជាច្រើនម៉ោង រហូតដល់នៅម៉ោង៦ល្ងាចថ្ងៃ ដដែល។
ក្រោយជួយសង្គ្រោះបាន ប្រជាពលរដ្ឋចិត្តបុណ្យ បានទិញទឹកដោះគោ បំបៅឲ្យកូននោះពេញមួយយប់ រហូតដល់ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ដដែលស្ត្រីជាម្តាយ បានមកឡាំប៉ាស្រែកយកកូនទៅវិញ តែអ្នកជួយសង្គ្រោះបារម្ភពីសុវត្ថិភាពកូនស្រីនោះ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ដើម្បីរកវិធីជួយក្មេង។
បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ច បានរាយការណ៍ទៅចៅសង្កាត់ ដើម្បីរកដំណោះស្រាយ ដោយខាងសង្កាត់ បានហៅម្តាយក្មេងទៅនិយាយ ទើបស្ត្រីជាម្តាយព្រមប្រគល់កូនតូច ទៅសង្គមកិច្ចខណ្ឌឬស្សីកែវមើលថែជំនួស៕
មតិយោបល់