ព័ត៌មានជាតិ

សាកកម្លាំងម៉ូតូឪពុកទើបនិងទិញចេញឆក់ តែនៅតែយឺតជាងម៉ូតូប៉ូលិស

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យប្រដេញតាម ស្ទាក់ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីអ្នកដំណើរ មិនបានសម្រេច នៅចំពោះមុខកម្លាំងល្បាត ស្រែកផ្អើលមួយចំហៀងខណ្ឌដេញព័ទ្ធចាប់បាន២នាក់ រត់គេចបាត់ម្នាក់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ផ្អើលរត់ដេញចាប់បាន ដល់ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង២នាក់ចាប់ខ្លួនបាន ទី១ ឈ្មោះ ជា រ៉ាវីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជួយលក់រថយន្តឪពុកម្តាយ មានទីលំនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០២០ ពណ៌ខ្មៅ អត់ស្លាកលេខ ដែលឪពុកទើបទិញឲ្យកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ។ ទី២ ឈ្មោះ លី ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-9355 ស្លាកលេខ ឆ្កឹះលុបបាកូដសង្ស័យ មុខសញ្ញាចាស់ ឆក់រាប់ភ្លេច ។

តាមសម្តីជនសង្ស័យឈ្មោះ ជា រ៉ាវីត បានឲ្យដឹងថា គ្រាន់តែឪពុកទើបទិញម៉ូតូថ្មី សេរី២០២០ បានភ្លាម មិនទាន់ធ្វើស្លាកលេខភ្លាមទេ បបួលគ្នាចេញដើរឆក់ភ្លែត បានសម្រេចលើកទី១ លុះមកដល់រសៀលថ្ងៃទី០៦នេះ ចេញឆក់ជាលើកទី២ មិនបានសម្រេច ប៉ះចំមុខប៉ូលិស ដេញចាប់បានតែម្តង ។

តាមនគរបាលបានឲ្យដឹងថា មុនចាប់ខ្លួនបាន នៅវេលាម៉ោងខាងលើ កម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ល្បាតនៅចំណុចងាយកើតបទល្មើសឆក់ខាងលើ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ៣គ្រឿង ដល់ចំណុចខាងលើ ជនសង្ស័យ ដែលជិះម៉ូតូសេ១២៥ អត់ស្លាកលេខ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីអ្នកដំណើរ តែមិនបានសម្រេច នៅចំពោះមុខកម្លាំងល្បាត ទើបស្រែក កម្លាំងមួយចំហៀងខណ្ឌចេញដេញតាម រហូតចាប់បាន២នាក់ ម៉ូតូ២គ្រឿង ជនសង្ស័យម្នាក់ទៀត ជិះម៉ូតូសេ១២៥ មួយគ្រឿងទៀតនោះ បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយចាប់ខ្លួនបានជនសង្ស័យសារភាពពួកខ្លួនពិតជាឆក់ទូរស័ព្ទ ម្សិលមិញញបានសម្រេច ថ្ងៃនេះមិនបានសម្រេច ម្យ៉ាងចង់សាកកម្លាំងម៉ូតូឪទើបទិញឲ្យ រត់មិនរួច ប៉ូលិសក្របួចជាប់ នាំយកទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌបន្តតាមនីតិវិធី ៕

 

មតិយោបល់