ព័ត៌មានជាតិ

ភាគបន្ត៖ ចម្ងល់ពលរដ្ឋ ករណីកូនប្រុសលោកអធិការក្រុងបាវិត បាញ់ស្ត្រីម្ចាស់ហាងស្លាប់ មូលហេតុអ្វី? ជំនាញព្រហ្មទណ្ឌខេត្តស្វាយរៀង អត់ឃើញវ៉ៃខ្នោះជនដៃដល់

ស្វាយរៀង: នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ពលរដ្ឋតាមតុកាហ្វេ និងអ្នកលេងសង្គមហ្វេសប៊ុក មានចម្ងល់ជុំវិញករណីកូនប្រុស លោកអធិការក្រុងបាវិត បាញ់សម្លាប់លើស្ត្រីម្ចាស់ហាងម្នាក់ រួចហើយបញ្ជូនទៅ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីឲ្យចាត់ការទៅតាមនិតីវិធីច្បាប់ ក្រោយមកទៀត ក៏ឃើញបែកធ្លាយរូបភាព ជនដៃដល់ ហេតុអ្វីមិនមានវ៉ៃខ្នោះ ឬមួយគិតថា គ្រាន់តែជារឿងតិចតួចទេ បើសិនចាប់បានចោរលួចមាន់ទា ឆក់ ជាប់ខ្នោះតាំងពីកន្លែងកើតហេតុ ផ្អើលដល់អ្នកកាសែត ថតរូបបង្ហោះពេញទឹកពេញដីហើយ។ រឿងនេះ មានអ្នកមួយចំនួន និយាយថា សង្ស័យមន្ត្រីជំនាញ ខ្លាចអំណាចឪពុកជនដៃដល់ មួយទៀតយល់ថា ជាមន្ត្រីប៉ូលិសគ្នាឯង ទើបយល់យោគ មិនដាក់ខ្នោះ គួរណាតែអនុវត្តច្បាប់ ឲ្យស្មើភាពគ្នា កុំឲ្យប្រើយុទ្ធសាស្ត្រស្តង់ដាពីរ ជៀសវាង ពលរដ្ឋរិះគន់។

ខណ:អ្នកខ្លះទៀត លើកទ្បើងថា ជនដៃដល់ ជាប់ពន្ធនាគារ ប្រហែលមិនយូរទេ ភ្លេចៗខ្លួន ចេញក្រៅឃុំបាត់ធ្វើប្រងើយ ព្រោះឪពុកក៏ធ្វើធំ ឯតួនាទីជនដៃដល់ ក៏មិនអន់ដែរ ឃើញក្នុងរូបថតជនដៃដល់ នៅញញឹមស្រស់ គ្មានតក់ស្លុតភ័យព្រួយអ្វីសោះ ស្រួលមិនស្រួលមានខ្នងអ្នកធំ ចាំរត់ការឲ្យទេដឹង។

សរុបរួមមក ប្រភពពីសមត្ថកិច្ច មូលហេតុ ឈានដល់ការបាញ់នេះ ដោយសារជនរងគ្រោះ លើកម្ហូបយឺត ប៉ុន្តែមតិខ្លះអះអាងថា ជាករណីរឿងស្នេហាត្រីកោណច្រើនជាង។

ករណីខាងលើនេះ ភ្នាក់ងារ Post News មិនមានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនងទៅមន្ត្រីជំនាញបានទេ ថាតើដូចអ្វីដែលពលរដ្ឋលើកទ្បើង ឬយ៉ាងណា ក្រុមការងារយើង នឹងស្វាគមន៍ចំពោះការបំភ្លឺពីសមត្ថកិច្ច គ្រប់ពេលវេលា។

ជនរងគ្រោះឈ្មោះ សឿន ដាណេ ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត (ស្លាប់នៅមន្ទីរវៀតណាម)។ ចំណែកជនដៃដល់ ឈ្មោះ កែវ ចិត្រា មានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនសន្តិសុខ។

គួររំឭកថា ដំណើររឿង ជនដៃដល់ បានចូលផឹកហាងសំណាងអាណេ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួប ស្រាប់តែធ្វើសកម្មភាពបាញ់ ទោះបីជនរងគ្រោះ លើកដៃសំពះអង្វរយ៉ាងណា ក៏មិនស្ដាប់ដែរ បុគ្គលិកហាងខំចូលទៅឃាត់ និយាយលួងលោម កុំឲ្យមានបញ្ហាប៉ុន្តែនៅតែបាញ់ បណ្ដាលឲ្យរងរបួសធ្ងន់។ លុះព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានទទួលដំណឹងថា ស្លាប់បាត់ទៅហើយ បន្សល់ទុកកូនស្រីអាយុប្រហែល ១០ កំព្រាម្ដាយ៕

មតិយោបល់