ព័ត៌មានជាតិ

បាត់ជាងមួយខែស្រាប់សល់តែគ្រោងឆ្អឹងនៅចុងព្រែកតាប៉ាវ

កណ្តាលៈ មានករណី ប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សបង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ១១និង០០ នាទីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ នៅចំណុចកើតហេតុ ចុងព្រែកតាប៉ាវ ភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ព្រំ ពៅ ភេទ ប្រុស អាយុ ៧២ ឆ្នាំ រស់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។

តាមការបំភ្លឺរបស់បងប្អូនប្រជាពលរដ្ឋមិនស្គាល់ឈ្មោះ បានទៅរកត្រីនៅចុងព្រែកតាប៉ាវ ហើយបានប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្ស មិនស្គាល់អត្តសញ្ញាណ ក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាល ។ ករណីនេះ សមត្ថកិច្ចថ្នាក់ខេត្ត បានចុះសហការ ត្រួតពិនិត្យសាកសព និង ស្វែងរកអត្តសញ្ញាណសាកសពជនរងគ្រោះ ។ ក្រោយការពិនិត្យសាកសព ឃើញជនរងគ្រោះមានពាក់អាវពណ៌ខ្មៅដោយសរសេរថា “សូមអភ័យទោស លោកប៉ាខ្ញុំគាត់មានជំងឺវង្វេង បើបងប្អូនបានឃើញគាត់សូមទំនាក់ទំនងមកខ្ញុំបាទ ០១០ ៨៩ ៩៣ ៧៣ / ០៦៩ ៤១ ៤៤ ៣២ / ០៨៨ ៥២ ៥២ ៦៥៩” ។បន្ទាប់មកក៏បានទំនាក់ទំនងទៅលេខខាងលើក៏ជួបឈ្មោះ ញ៉ែម សុវណ្ណា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ត្រូវជាកូនបង្កើត បាននិយាយប្រាប់ថា ជនរងគ្រោះធ្លាប់ដើរបាត់ចេញពីផ្ទះ ៣ ទៅ ៤ ដងមកហើយដោយមានជំងឺវង្វេង ប៉ុន្តែរកឃើញវិញ ។ លុះដល់ថ្ងៃអុំទូកទី ២ ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ បានបាត់ជនរងគ្រោះអស់រយៈពេលជាង ១ ខែមកហើយរកមិនឃើញ ស្រាប់តែដល់ថ្ងៃទី ២៣/១២/២០១៩ បានទទួលព័ត៌មានពីសមត្ថកិច្ច តាមរយៈលេខទូរស័ព្ទដែលជាប់នឹងអាវជនរងគ្រោះតែម្តង ។
សមាសភាពចូលរួមពិនិត្យសមត្ថកិច្ចការិយាល័យបច្ចេកទេសខេត្ត ការិយាល័យកំរិតធ្ងន់ ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ និង អាជ្ញាធរ ។
តាមការពិនិត្យផ្នែកជំនាញខាងលើ
ឆ្អឹងលលាដ៏ក្បាល ឆ្អឹងដងខ្លួន និងឆ្អឹងអវៈយៈ ពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ ។
បញ្ជក់ ៖ ជនរងគ្រោះមានជំងឺវង្វេង ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះដែលមានជំងឺវង្វេងអាចស្លាប់បណ្តាលមកពីលង់ទឹក ។
គ្រោងឆ្អឹងសាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់