ព័ត៌មានជាតិ

ស្រ្តីម្នាក់ សង្ស័យប្រើសារធាតុញៀនហួសកម្រិត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ស្រ្តីម្នាក់ដេកស្លាប់ បង្កការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៥និង០០នាទីព្រឹក ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះវីឡា ក្រុមទី១២ ផ្ទះលេខ៦ ផ្លូវ២០០២ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

សពមានឈ្មោះ ស៊ន សារ៉ាត់ ភេទស្រីអាយុ៣៤ឆ្នាំ ស្នាក់នៅក្នុងអង្គការគាំពារ ពលរដ្ឋខ្មែរគ្មានទីពឹង ផ្ទះលេខ៦ ផ្លូវ២០០២ ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមការបំភ្លឺរបស់ឈ្មោះ ហិន សារុន ភេទប្រុស មុខរបរសន្តិសុខយាមអង្គការ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះ បានចូលមកស្នាក់នៅក្នុងអង្គការ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយជនរងគ្រោះ មានជំងឺហឺត និងមានជំងឺផ្លូវចិត្ត ហើយបានប្រើថ្នាំប្រចាំកាយរហូត។

លុះរហូតដល់ថ្ងៃទី២៤ ខែឆ្នាំដដែល វេលាម៉ោង ៥និង ០០ នាទី ឈ្មោះ ហិន សារុន ដែលកំពុងរៀបចំឯកសារនៅក្នុងផ្ទះសុខៗ ស្រាប់តែឮសំទ្បេងជនរងគ្រោះ ចេញពីក្នុងបន្ទប់ ស្រែកឲ្យជួយ មើលទៅមានសភាពពិបាក ដកដង្ហើម ភ្នែកស្លឺឡើងលើមុខស្លេកស្លាំង ឃើញដូចនេះឈ្មោះ ហិន សារុន ក៏បានចូលទៅជួយធ្វើចលនា តែជនរងគ្រោះ ស៊ន សារ៉ាត់ ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ ។ បន្ទាប់មកឈ្មោះ ហិន សារុន ក៏បានរាយការណ៍ទៅថ្នាក់លើរបស់ខ្លួន ទើបរាយការណ៍បន្តប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យនៅកន្លែងកើតហេតុតែម្ដង។

យោងតាមការពិនិត្យផ្នែកជំនាញបច្ចេកទេសវិទ្យាសាស្ត្រនគរបាលស្នងការនគរបាលរាជធានីភ្នំពេញ និងតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យសាកលវិទ្យាល័យ សន្និដ្ឋានថា សាកសព គឺស្លាប់ដោយសារគាំងបេះដូង បណ្ដាលមកពីប្រើប្រាស់សារធាតុញៀន ប្រភេទម៉ាក ហ្វីន។

បច្ចុប្បន្នសព ត្រូវបានយកមកតម្កល់ នៅវត្តពោធិ៍ចិនតុង៕

មតិយោបល់