ព័ត៌មានជាតិ

ថាមែនៗ ចោរឆក់២នាក់ ស្រែកហ៊ោពេលឆក់បាន រួចពលរដ្ឋដេញតាមមិនទាន់ ស្រាប់តែសប្បាយចិត្តភ្លេចខ្លួន អាវុធហត្ថក្របួចកជាប់

ភ្នំពេញ: នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋ)។

១/ ឈ្មោះ អ៊ូន វាសនា ភេទប្រុស អាយុ ១៨ឆ្នាំ។
២/ ឈ្មោះ មាន សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ។

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤និង១០នាទី ជនសង្ស័យទាំង ០២នាក់ ខាងលើ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ០១គ្រឿង ម៉ាក Oppo ពីជនរងគ្រោះជាជនជាតិចិន បានសម្រេច នៅចំណុច ស្តុបទួលទំពូង ផ្លូវម៉ៅសេទុង ខណ្ឌបឹងកេងកង ភ្លាមនោះ ជនរងគ្រោះបានស្រែកឆោរឡោ ចោរៗ ហើយពួកគេបានព្យាយាមជិះម៉ូតូរត់គេចខ្លួន ដល់ចំណុច មុខផ្ទះសំណាក់ ប៉ៃលិន ផ្លូវ៧៧BT ភូមិចម្រើនផល សង្កាត់បឹងទំពុន រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃើញក៏ស្ទាក់ឃាត់ខ្លួនបានទាំង ០២នាក់ តែម្តង។

តាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យទាំង ០២នាក់ ខាងលើ បានសារភាពឲ្យដឹងថា ពួកខ្លួនពិតជាមានចេតនាធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋជាជនជាតិចិន ដែលកំពុងធ្វើដំណើរលើដងផ្លូវ ពិតប្រាកដមែន។ មុនធ្វើសកម្មភាព ពួកគេទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1H-7259 មកពីដឹកទំនិញតាមអនឡាញ ឲ្យអតិថិជន លុះពេលជិះមកដល់ស្តុបទួលទំពូង ក៏បានឃើញបុរសជនជាតិចិនកំពុងជិះម៉ូតូកង់បី ដោយមានទុកទូរស័ព្ទលើកំភ្លៅជើង ឃើញឱកាសល្អ ពួកគេទាំង ០២នាក់ បានជិះម៉ូតូទៅក្បែរ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេច ភ្លាមនោះជនរងគ្រោះស្រែកឆោរឡោ ចោរៗ និងមានប្រជាពលរដ្ឋឃើញបានជិះម៉ូតូដេញតាម តែពួកខ្លួន បានជិះម៉ូតូស្រែកហ៊ោរសប្បាយតាមផ្លូវ ឌឺទៅប្រជាពលរដ្ឋដែលកំពុងដេញតាមពួកខ្លួន លុះជិះដល់ចំណុច មុខផ្ទះសំណាក់ ប៉ៃលិន ផ្លូវ៧៧BT ភូមិចម្រើនផល សង្កាត់បឹងទំពុន រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃើញស្ទាក់ឃាត់ខ្លួនទាំង ០២នាក់ តែម្តង។ ជនង្ស័យទាំង ០២នាក់ ខាងលើ បន្ថែមឲ្យដឹងទៀតថា ពួកគេ មានបក្ខពួកម្នាក់ទៀត ឈ្មោះ ឧត្តម (គេចខ្លួន) ធ្លាប់បានធ្វើសកម្មភាពឆក់សម្ភារ:មានតម្លៃពីប្រជាពលរដ្ឋបានសម្រេច ច្រើនលើក ច្រើនសារ មកហើយក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ភាគច្រើនពួកគេធ្វើសកម្មភាពនៅម្តុំទូតចិន ដែលសំបូរដោយជនបរទេសធ្វើដំណើរ ហើយពួកគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំថ្ងៃ រយ:ពេលកន្លះឆ្នាំមកហើយ៕

មតិយោបល់