ព័ត៌មានជាតិ

ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កាន់​ខេត្ត​ក្រចេះ មាន​ការកើនឡើង​ជិត ១០%

​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ចូល​មក​កាន់​ខេត្ត​ក្រចេះ មាន​ចំនួន ១២.៦៦២ នាក់​គឺ​មាន​ចំនួន​កើនឡើ​ប្រមាណ ៩.៧១% បើ​ប្រៀបធៀប និង​រយៈពេល ដូចគ្នា​ឆ្នាំ ២០១៣ ដែល​មាន​ចំនួន​តែ ១១.៥៤១ នាក់ សម្រាប់ ឆមាស​ទី ១ ឆ្នាំ ២០១៤ នេះ ។​

​លោក រុន ភា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ​បានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន ឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មានការ កើនឡើង​ប្រមាណ​ពី ១៥% ទៅ ២០% ក្នុង មួយឆ្នាំៗ ។ លោក​បានឲ្យដឹង​ទៀតថា ចំពោះ​ប្រភព​ទីផ្សារ​ទេសចរណ៍​វិញ​គឺ​តំបន់​អឺរុប​បាន​ដើរតួ សំខាន់​ជាងគេ បន្ទាប់មក​គឺ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហិ្វ​ក និង​តំបន់​អាម៉េរិក ហើយ​ជនជាតិ​ដែល​តែងតែ នាំមុខគេ និង​មាន​ចំនួន​ច្រើនជាងគេ​គឺ​ជាន​ជាតិ​បារាំង ដែល​មួយ​ឆ្នាំៗ​មាន​ចំនួន​មិនតិច​ជាង ៤.០០០ នាក់​ទេ ។ លោក រុន ភា​រ៉ា បញ្ជាក់ថា ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​ទេស ចរ​អន្តរជាតិ​បាន​បង្ហាញឲ្យឃើញថា ខេត្តក្រចេះ​គឺជា​ខេត្ត​មួយ ដែល​មាន​សក្តានុពល​វិស័យ​ទេស ចរណ៍​ដែល​សម្បូរ​ទៅ​ដោយ​ធម្មជាតិ​ស្រស់បំព្រង ព្រមទាំង​មាន​កន្លែង​កម្សាន្ត​ជាច្រើន ដែល​ធ្វើ ឲ្យ​វិស័យ​ទេសចរណ៍​ខេត្ត​ក្រចេះ បាន​និង​កំពុង​អភិវឌ្ឍន៍​រីកចម្រើន​គួរ​ជាទី​មោទនៈ ។​

​ជាមួយគ្នានេះ​ដែរ​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​វាក៍​បានចង្អុលបង្ហាញ​ថា កម្រិត​ជីវ ភាព​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​រួម និង​ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​មួយ ចំនួន​បាន​ល្អ រួមទាំង​សេវាកម្ម​ទេសចរណ៍​នានា​កំពុង​ត្រូវបាន​ពង្រឹង ។ បច្ចុប្បន្ន​ខេត្ត​ក្រចេះ​មាន រមណីយដ្ឋាន​ទេសចរណ៍ ១៦ កន្លែង​ក្នុង​នោះ​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ ៦ កន្លែង រមណីយដ្ឋាន​ធម្មជាតិ ៩ កន្លែង រមណីយដ្ឋាន​កែច្នៃ ១ កន្លែង និង​សហគមន៍​ទេសចរណ៍ ៤ កន្លែង ។ ខេត្តក្រចេះ​មាន​សណ្ឋាគារ​ចំនួន ១៣ ស្មើនឹង ៥៤៧ បន្ទប់ ផ្ទះសំណាក់ ៣៤ កន្លែង ស្មើនឹង ៣៩២ បន្ទប់ ។​

​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ ២០១៣ កន្លង​ទៅ​ខេត្ត​ក្រចេះ​ទទួលបាន ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ២២.៧៦៦ នាក់​ដែល​ចំនួន​នេះ​ក៏​មាន​ការកើនឡើង​ចំនួន ៣.០៥២ នាក់ បើ​ប្រៀបធៀប​និង​ឆ្នាំ ២០១២ ដែល​មាន​ចំនួន​សរុប​ត្រឹមតែ ១៩.៧១៤ នាក់ ។​
ទឹកជួរព្រែកកាំពី5

មតិយោបល់