ភ្នំពេញៈ បុរសម្នាក់ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន បន្ទាប់ពីជួបជុំមិត្តភ័ក្រ ផឹកស៊ីស្រាថ្នាំ ជជែកគងពាក្យ កើតជម្លោះ ផ្ទុះកំហឹងស្ទុះវឹងវ៉ៃមួយដៃប៉ោងមុខ ងើបដើរទៅផ្ទះ មិត្តភ័ក្រស្ទុះវឹង មិនបានវ៉ៃតបតទេ តែរត់ទៅប្តឹងប៉ូលិស ចុះទៅឃាត់ខ្លួន រកឃើញដែកឆាបកែច្នៃ ដូចប៊ិចចំនួន២ដើម នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ កាលពីព្រលប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនជាប់ចោទក្នុងករណីហិង្សា និងរក្សាទុកអាវុធ (ដែកឆាប) ខាងលើមានឈ្មោះ ណាវ ថា ភេទប្រុស អយុ ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ជនរងគ្រោះឈ្មោះ មឿន វីត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងកាមេរ៉ា ស្នាក់នៅភូមិត្រពាំងថ្លឹង៣ ក្បែរខាងគ្នា ។
តាមសម្តីភាគីចុងចោទនាព្រឹកថ្ងៃទី៣០ ខែធ្នូនេះ បានឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ម្សិលមិញ ខ្លួនរួមជាមួយ ភាគីដើមបណ្តឹង ដែលជាមិត្តភ័ក្រស្គាល់គ្នា រួមជាមួយអ្នកជិតខាង ជួបជុំគ្នាផឹកស៊ីស្រាថ្នាំ ចំនួន២លីត្រ ផឹកបណ្តើរនិយាយជជែកលេងបណ្តើរ គងពាក្យសម្តីគ្នា ទ្រាំមិនបានវាយមួយដៃ លើមុខជនរងគ្រោះ ហើយងើបដើរចេញទៅផ្ទះ រហូតដល់ព្រលប់ថ្ងៃដដែល ស្រាប់តែប៉ូលិសចុះទៅឃាត់ខ្លួនតែម្តង បន្ទាប់ពីជនរងគ្រោះងើបទៅប្តឹងប៉ូលិស ។ ចំពោះដែកឆាបកែច្នៃ២ដើមខាងលើ ពិតជានៅក្នុងហោប៉ាវខោរបស់ខ្លួនពិតមែន ។
ជនសង្ស័យក្នុងករណីខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ កសាងសំណុំរឿង បញ្ជូនមកផ្នែកជំនាញខណ្ឌ ពាក់ព័ន្ធហឹង្សា និងរក្សាទុកអាវុធខុសច្បាប់(ដែកឆាប) ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕




មតិយោបល់