ព័ត៌មានជាតិ

ការប្រឡងជ្រើសក្របខណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ ២០១៩ នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក

ភ្នំពេញៈ យោងតាមផេកផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា សម័យប្រលងជ្រើសក្របខណ្ឌមន្ត្រីនគរបាលជាតិឆ្នាំ២០១៩ បានប្រព្រឹត្តទៅ នាព្រឹកថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដោយសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការកណ្តាល រៀបចំការប្រឡងប្រជែងជ្រើសរើស ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ បានអញ្ជើញបើកកញ្ចប់វិញ្ញាសារប្រលងជ្រើស ក្របខណ្ឌមន្ត្រីនគរបាលជាតិ។

ក្នុងការងារដំណើរការរៀបចំប្រឡងជ្រើសក្របខណ្ឌមន្ត្រីនគរបាលជាតិ ឆ្នាំ២០១៩ នេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានបុគ្គលិក និងជាប្រធានមណ្ឌល បានដឹកនាំក្រុមការងារ បែងចែកតួនាទីភារកិច្ច និងត្រួតពិនិត្យការងារប្រឡងជ្រើសឲ្យប្រព្រឹត្តទៅបានល្អប្រសើរ។ ការប្រឡងជ្រើសក្របខណ្ឌមន្ត្រី នគរបាលជាតិ ២០១៩ នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក មានបេក្ខជនចូលរួមប្រឡង ចំនួន ១​,៧៨៧នាក់ បានបែងចែកជា ៦៤បន្ទប់ ដែលនឹងត្រូវជ្រើសចូលបម្រើការងារក្របខណ្ឌមន្ត្រីនគរបាលជាតិ ចំនួន ៧៣៣នាក់ សម្រាប់ជំនាញការពារ អន្តរាគមន៍ អង្គរក្ស តម្រួតបទបញ្ជា និងជំនាញផ្សេងៗចំណុះក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានធ្វើការផ្តាំផ្ញើ និងលើកទឹកចិត្ត ដល់បេក្ខជនទាំងអស់ខិតខំឲ្យអស់លទ្ធភាពក្នុងការប្រឡងនាឱកាសនេះ ឲ្យទទួលបានជោគជ័យ៕

មតិយោបល់