ភ្នំពេញៈ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២០ ក្រោយពីទទួលបានពត៌មានថា មានករណី បុរសម្នាក់បន្លំធ្វើជាសមត្ថកិច្ច ចាប់ឃាត់មនុស្សនៅចំណុចផ្លូវអ៊ែរ៦ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសទាំងពីរនាក់ មកទីស្នាក់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ ម៉េត នី អាយុ២០ឆ្នាំ មុខរបរ ជាងធ្វើពិដាន បានមកលេងមិត្តភក្ដិនៅម្តុំក្តាន់ពីរ ផ្លូវរថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលដើរត្រលប់ចេញមកវិញ គោលបំណងទៅកន្លែងស្នាក់នៅវិញ ក្នុងការដ្ឋានសំណង់ (កាំកូស៊ីធី) មកដល់ចំណុចផ្លូវអ៊ែរ៦ (ក្នុងបឹងកក់) ស្រាប់តែមានបុរសម្នាក់ឈ្មោះ លីសាយ អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ជិះម៉ូតូមួយគ្រឿងម៉ាកវីវា ពណ៌ខ្មៅ គ្មានស្លាកលេខ មកដល់ហើយសួរ ទៅឈ្មោះ ម៉េត នី ថា ជិះម៉តូឌុបអត់ តែឈ្មោះ ម៉េត នី និយាយប្រាប់ថា អត់ជិះទេ ហើយក៏បានដើរចេញទៅ ប៉ុន្តែឈ្មោះ លី សាយ នៅតែជិះម៉ូតូតាមសួរ តែឈ្មោះ ម៉េត នី បដិសេធមិនព្រមជិះ ស្របពេលនោះ ក៏មានសន្តិសុខក្រុមហ៊ុនបឹងកក់ពីរនាក់ ជិះម៉ូតូមួយគ្រឿង មកដល់ឃាត់សួរនាំ ក៏ផ្អើលដល់អ្នកសារពត៌មាន និងសមត្ថកិច្ចមូលដ្ឋានតែម្តង ហៅមកធ្វើការបំភ្លឺ ទើបដឹងថា ជាការយល់ច្រឡំ ហើយប៉ុស្ដិ៍បានរាយការណ៍ជូនលោកអធិការរងជំនាញ ដើម្បីសុំគោលការណ៍លោកអធិការ ឲ្យធ្វើសាវតា និងកិច្ចសន្យាហើយអនុញ្ញាតឲ្យទៅផ្ទះវិញ៕
មតិយោបល់