ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តគ្មានប័ណ្ណបើកបរ ត្រូវសមត្ថកិច្ចផាកពិន័យស្រាប់តែ នាយពែកមី ចេញពីក្នុងរថយន្ត យកប្រាក់ទៅបង់ថ្លៃពិន័យរថយន្តជំនួសតៃកុង…

បាត់ដំបងៈ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រុមការងារគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង មានមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងចូលរួមក្នុងគណៈកម្មាធិការ ធ្វើការត្រួតពិនិត្យមធ្យោបាយធ្វើដំណើរតាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចពុកឆ្មា ស្ថិតស្រុកសង្កែ ខេត្តបាត់ដំបង ត្រង់គីឡូម៉ែត្រលេខ PK281+200។

ក្នុងពេលត្រួតពិនិត្យនេះ មានរថយន្តទំនើបមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-6007 ធ្វើដំណើរទិសដៅពីខេត្តបាត់ដំបង សំដៅទៅរាជធានីភ្នំពេញ ខណៈមកដល់ចំណុចត្រួតពិនិត្យ អ្នកបើកបររថយន្តត្រូវមន្រ្តីនគរបាល ធ្វើការត្រួតពិនិត្យរកប័ណ្ណបើកបរ ប៉ុន្តែតៃកុងរថយន្តឈ្មោះ ហ៊ុយ រតនា ប្រាប់ថាមិនមានប័ណ្ណបើកបររថយន្តទេ។ ករណីនេះ មន្រ្តីនគរបាលចរាចរណ៍ដែលចូលរួមនៅ ក្នុងគណៈកម្មាធិការបានប្រាប់អំពីកំហុសឆ្គងរបស់គាត់ ក្នុងការបើកបររថយន្ត(គ្មានប័ណ្ណបើកបរ) ដែលត្រូវទទួលការពិន័យអន្តរ ការណ៍ស្របតាមមាត្រា១០នៃអនុក្រិត្យលេខ ៤៤អនក្រ.បកចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីនេះអ្នកបើកបររថយន្តទទួល ស្គាល់អំពីកំហុសឆ្គងរបស់ខ្លួន និងយល់ព្រមឲ្យមន្រ្តីនគរបាល ធ្វើការផាកពិន័យអន្តរការណ៍ដោយមានប័ណ្ណផាកពិន័យត្រឹមត្រូវ ជាមួយនេះមន្រ្តីនគរបាលចរាចរណ៍ធ្វើការអប់រំណែនាំគាត់ កុំឲ្យមានកំហុសឆ្គងបែបនេះជាបន្តទៀត ស្របពេលជាមួយនោះមានបុរសម្នាក់ឈ្មោះហៅថា ពែកមី ជាតារា កំប្លែងចេញពីក្នុងរថយន្តខាងលើហើយយកប្រាក់ទៅបង់ថ្លៃពិន័យជំនួសតៃកុង។

ការបំភ្លឺជូនរបស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅពេលនេះ ដើម្បីចៀសវាងនូវការភ័ន្តច្រឡំណាមួយពីមហាជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមចំពោះករណីខាងលើ៕

មតិយោបល់