ព័ត៌មានជាតិ

Updated៖ ករណីជនជាតិចិនចាប់ជំរិតថៅកែ សហគ្រាស ពេលនេះរកឃើញសាកសពហើយ នៅក្រោយគូទឡាន ចំណែកជនសង្ស័យកំពុងធ្វើការសាកសួរ…

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅក្នុងសហគ្រាស «ឌី លី ស៊ី ស្វីត ឯ .ក » ភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកអង្គស្នួល ខេត្តកណ្ដាល មានករណីជនជាតិចិន ១ក្រុម បានធ្វើសកម្មភាពចាប់ថៅកែរោងចក្រម្នាក់ ជនជនជាតិចិនដូចគ្នា វាយបណ្ដាលឲ្យស្លាប់ រួចញាត់ចូលគូទរថយន្តបើកចាកចេញបាត់។

រថយន្តម៉ាក លុចស៊ីស RX-470 ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2L-8689។
ជនរងគ្រោះជាថៅកែសហគ្រាស «ឌី លី ស៊ី ស្វីត ឯ .ក »(ស្លាប់)។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងស្ថិតនៅក្នុងសហគ្រាសរបស់ខ្លួន ស្រាប់តែលេចមុខជនសង្ស័យ ១ក្រុមខាងលើ បើករថយន្តចូលទៅដល់ឈប់ក្នុងបរិវេណសហគ្រាសនោះ រួចចេញពីឡានទៅចាប់ជនរងគ្រោះវាយអុកក្បាលទៅនិងជញ្ជាំង ហើយរុញបញ្ចូលទៅក្នុងគូទរថយន្ត បើកចាកចេញទៅបាត់ស្រមោល។

សូមបញ្ជាក់៖ ករណីនេះនគរបាលស្រុកអង្គស្នួលបានផ្ដល់ព័ត៌មានជូនសមត្ថកិច្ចគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ ឲ្យស្ទាក់រថយន្តដូចភិនភាគខាងលើ ការស្រាវជ្រាវជាច្រើនម៉ោងក្រោយមក ទើបប្រទះឃើញរថយន្តដែលមានភាគដូចការប្រកាសឲ្យតាមឃាត់កាលពីវេលាព្រឹក ទើបកម្លាំងនគរបាលកម្រិតធ្ងន់ក្រសួងមហាផ្ទៃដេញតាមចាប់រហូតដល់វេលាម៉ោងប្រហែលជាង ១២ថ្ងៃត្រង់ ទើបចាប់បាននៅចំណុចជិតផ្សារអង្គ ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចាប់ខ្លួនជនសង្ស័យជនជាតិចិនបាន ២នាក់ ព្រមទាំងរកឃើញសាកសពជនរងគ្រោះនៅក្នុងគូទរថយន្ត ដែលត្រូវជនសង្ស័យវាយស្លាប់បាត់ទៅហើយ។ បន្ទាប់មកនគរបាលបាននាំជនសង្ស័យ ទៅសាកសួរនៅព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចំណែកសាកសពត្រូវបាននាំយកទៅតម្កល់ទុកនៅវត្តទឹកថ្លា៕

មតិយោបល់