ភ្នំពេញៈ រដ្ឋាភិបាលអ៊ីស្រាអែលបានសន្យាថា នឹងបន្ថែមការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ប្រមាណជា៣០០នាក់ទៀត លើមុខវិជ្ជាកសិកម្ម ក្នុងឆ្នាំ២០១៧ខាងមុខនេះ ដើម្បីរួមចំណែកជួយពង្រឹងនូវធនធានមនុស្សលើវិស័យនេះ
ឲ្យកាន់តែមានភាពសំបូរបែប និងអាចកែប្រែស្ថានភាពកសិកម្មនៅកម្ពុជាឲ្យកាន់តែមានភាពជឿនលឿនថែមទៀត។
លោក ស៊ីម៉ុន រ៉ូដីដ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា បានថ្លែងដូចនេះក្នុងឱកាសដែលត្រូវបានអនុញ្ញាតឱ្យជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម។
លោកឯកអគ្គរដ្ឋទូតក៏បានរំលឹកថា រដ្ឋាភិបាលអ៊ីស្រាអែលបានផ្តល់ការបណ្តុះបណ្តាល សិស្ស និស្សិតកម្ពុជា មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជា លើបច្ចេកទេស និងបច្ចេកវិទ្យាលើវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល តាំងពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៦នេះ មានចំនួន៣០៦នាក់ ក្នុងនោះមានសិស្សនិស្សិតកម្ពុជាចំនួន១០០នាក់បានបញ្ចប់ការសិក្សាឆ្នាំនេះ។ ក្នុងឱកាសនោះដែរលោកឯកអគ្គរដ្ឋទូតបានអញ្ជើញលោករដ្ឋមន្រ្តីចូលរួមអបអរសាទរ ដល់និស្សិតកម្ពុជាទាំង១០០នាក់ដែលបានបញ្ជប់ការសិក្សា និង ពិនិត្យមើលនូវស្ថានភាពកសិកម្មនៅប្រចទេសអ៊ីស្រាអែល ដែលនឹងធ្វើនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។
ជាការឆ្លើតតប លោក វេង សាខុន បានថ្លែងអំណរគុណដល់ប្រទេសអ៊ីស្រាអែល ដែលបានពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ខណៈកម្ពុជាកំពុងឈានទៅជម្រុញកសិករខ្នាតតូច ឲ្យមានការកែប្រែគំនិតពីការដាំដុះជាលក្ខណៈគ្រួសារ ទៅជាកសិពាណិជ្ជកម្ម តាមរយៈការដាំដំណាំចម្រុះ និងការចិញ្ចឹមសត្វ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា កម្ពុជាក៏ចង់ធ្វើការស្វែងយល់ពីការវិវឌ្ឍស្ថានភាពបដិវត្តកសិកម្មនៅប្រទេសអ៊ីស្រាអែល ដើម្បីជាបទពិសោធន៍ក្នុងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យ កសិកម្មនៅកម្ពុជាឲ្យកាន់តែមានភាពជឿជាក់និងឆ្លើយតបទៅនឹងការវិវឌ្ឍជាក់ស្តែងរបស់កសិករ ទៅតាមជំហាននៃការវិវឌ្ឍរបស់សេដ្ឋកិច្ចជាតិ និងស្របទៅតាមការរីកចម្រើន នៃបច្ចេកវិទ្យាពិភពលោក។
លោករដ្ឋមន្រ្តីសង្ឃឹមថា រដ្ឋាភិបាលអ៊ីស្រាអែល នឹងរៀបចំដំណើរទស្សនកិច្ចរួមរវាងរដ្ឋ និងវិស័យឯកជនកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ដំណើរការបច្ចេកទេស និងបច្ចេកវិទ្យាក្នុងវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល ពិសេស ដើម្បីដកស្រងបទពិសោធន៍លើវិស័យនេះមកអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត៕
មតិយោបល់