ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាបចុះត្រួតពិនិត្យរកជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅអាកាសយានដ្ឋានអន្តរជាតិខេត្ត

សៀមរាប: យោងតាមផេករដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា អភិបាលខេត្តអញ្ជើញពិនិត្យការងារ នៃក្រុមច័ត្តឡីស័ក ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីត្រួតពិនិត្យរកជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ

នាយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តបានដឹកនាំប្រតិភូខេត្តអញ្ជើញ ពិនិត្យការងារ នៃក្រុមច័ត្តឡីស័ក ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីត្រួតពិនិត្យរកជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះពីសំណាក់ភ្ញៀវទេសចរដែលអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។

ការត្រួតពិនិត្យនេះ គឺដើម្បីធ្វើការទប់ស្កាត់កុំឲ្យមានជំងឺផ្លូវដង្ហើមប្រភេទនេះឆ្លងចូលមកប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក្នុងការស្វែងរកជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះតាមរយ:ការស្កែនដោយម៉ាស៊ីនដែលផ្តល់ដោយក្រសួងសុខាភិបាល ហើយបានប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។

ដើម្បីបង្ការជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ៖
* គួរតែជៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី ឬសត្វដទៃទៀត។
* ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។
* ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ។ ត្រូវចងចាំថា មិនអាចឆ្លងវីរុសផ្តាសាយបក្សី ឬវីរុសរលាកសួតប្រភេទថ្មីនេះទេ បើលោកអ្នកកាន់ ឬបរិភោគបសុបក្សី និងស៊ុត ឬម្ហូបអាហារ ដែលចម្អិនបានល្អត្រឹមត្រូវ។
* ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។
* អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រមា ឬក្រដាស៕

មតិយោបល់