ព័ត៌មានជាតិ

ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៨ ទីតាំង ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញមានភាពមិនប្រក្រតី

ស្វាយរៀង: នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធន: ចុះត្រួតពិនិត្យបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធន:ចំនួន ១០ទីតាំង នៅក្នុងក្រុងបាវិត និងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូចែកចាយ ទាំង ១០ផងដែរ។

លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធន:៖
– ស្ថានីយ/ដេប៉ូចំនួន ០៧ ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ។
– ស្ថានីយ/ដេប៉ូចំនួន ០១ ទីតាំង មិនមានអនុលោមភាពផ្នែកតម្លៃ ដោយលក់លើសថ្លៃលក់រាយ ស្ថានីយ៍/ដេប៉ូតាមសេចក្តីប្រកាសរបស់ក្រសួង។

ដោយសារនេះជាការរកឃើញលើកទី១ មន្រ្តីជំនាញបានឲ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ ។ បើមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់