ព័ត៌មានជាតិ

នគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ មុខសញ្ញាកាច់សោ.កម៉ូតូ៣នាក់

ភ្នំពេញ: ជនសង្ស័យ៣នាក់ ក្នុងនោះមាន២នាក់ ជាមុខសញ្ញាលួច កាច់សោកម៉ូតូ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវ ហើយទើបតែចាប់ខ្លួនបាន ខណ:ដែលបទល្មើសលួចម៉ូតូ ក្នុងខណ:ពោធិ៍សែនជ័យ ពលរដ្ឋល្បីគ្រប់គ្នា រឿងប្លន់ លួច សឹងរាល់ថ្ងៃទៅហើយ។

ការឃាត់ខ្លួននេះ ត្រូវបានធ្វើទ្បើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ នៅផ្ទះជួលជាន់ទី១ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ ឈ្មោះ ពុង ម៉េងលាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិត្នោត ឃុំស្រីសន្ធរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទី២ ឈ្មោះ សុខ មាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជាប់គ្នា ត្រូវជាបងប្អូនជីដូនមួយ មានស្រុកកំណើតជាមួយគ្នា និងទី៣ ឈ្មោះ សុខ ពៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវជាប្រពន្ធរបស់ឈ្មោះ សុខ មាន់ ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាង ឧបករណ៍កាច់សោ.កមួយចំនួន ។

ជនសង្ស័យចាប់ខ្លួនបាន ក្រោយពីសមត្ថកិច្ចស្រាវជ្រាវ ឈានដល់ចុះទៅចាប់ខ្លួនបានតែម្តង រួចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដោយខ្លាចអ្នកសារព័ត៌មាន ថត ប្រញាប់ប្រញាល់ យកវត្ថុតាង ជនសង្ស័យ ចូលបន្ទប់បាត់អស់ ទោះសុំថតក៏មិនអនុញ្ញាតិឲ្យថតដែរ។

បើតាមប្រជាពលរដ្ឋ បានលើកឡើងថា បទល្មើសក្នុងខណ្ឌពោធិ៍សែនជ័យ លួច ឆក់ ប្លន់១០ដង ទើបសមត្ថកិច្ចចាប់បានម្តង ហើយលើកនេះ សំណាងរបស់ប៉ូលិសហើយ ចាប់បាន៣នាក់ បន្ទាប់ពី ប្លន់ លួច ប៉ុន្មានថ្ងៃជាប់ៗគ្នា៕

មតិយោបល់