ព័ត៌មានជាតិ

ជនជាតិចិន មិនដឹងថាមានរឿងអ្វី មកបើកឆាកប្រយុទ្ធវាយគ្នា នៅមុខប៉ុស្តិ៍ប៉ូលិស

ភ្នំពេញ: បុរសជនជាតិចិន២នាក់ មិនដឹងថាមានរឿងអ្វី ឬបញ្ហាអ្វី ស្រាប់តែនាំគ្នាចុះពីលើរថយន្តស៊េរីទំនើប បើកប្រតិបត្តិការប្រយុទ្ធគ្នាទៅវិញ នៅចំពីមុខប៉ុស្តិ៍នគរបាលកាកាបទី១ បង្កឲ្យភ្ញាក់ផ្អើលអ្នកដំណើរតាមផ្លូវ សមត្ថកិច្ចចេញទៅអន្តរាគមន៍ នាំជនជាតិចិនទាំង២នាក់ ចូលសាកសួរនៅប៉ុស្តិ៍។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ២និង១៥នាទីរសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ តាមផ្លូវសហព័ន្ធរុស្សី ច្រកចូលមូលដ្ឋានទ័ពអាកាស ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើប១គ្រឿង ពណ៌ខ្មៅ ជិះដោយជនជាតិចិន ១ក្រុម តែមិនច្បាស់ចំនួន ដោយសាររថយន្តកញ្ចក់ខ្មៅ បើកតាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត មកដល់ចំណុចខាងលើ រថយន្តបានឈប់ ស្រាប់តែជនជាតិចិន ២នាក់ខាងលើ ចុះមកបើកឆាកប្រយុទ្ធ ស៊ីសាច់ ហុតឈាមគ្នា បង្កឲ្យភ្ញាក់ផ្អើល ដល់អ្នកដំណើរតាមផ្លូវ សមត្ថកិច្ចនៅក្បែរនោះ ចេញទៅឃាត់នាំខ្លួនជនជាតិចិនទាំង២នាក់ ចូលសាកសួរនៅប៉ុស្តិ៍ រីឯជនជាតិចិន ក្នុងរថយន្តឃើញសភាពមិនស្រួល នាំគ្នាបើករថយន្តចេញទៅបាត់។

តាមសមត្ថកិច្ចបានឲ្យដឹងថា មិនទាន់ដឹងថា ជនជាតិចិនរូបនេះ មានបញ្ហាអ្វីនៅឡើយទេ រង់ចាំរកអ្នកបកប្រែសិន ក៏ប៉ុន្តែ ជនជាតិចិនម្នាក់ ក្នុងចំណោម២នាក់ បើមើលតាមសភាពជាក់ស្តែង កាយវិកាសង្ស័យប្រើប្រាស់សារធាតុញៀនជ្រុល៕

មតិយោបល់