ព័ត៌មានជាតិ

បេក្ខជនជយលាភីនៃកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” ទទួលរង្វាន់ប្រចាំឆមាសទី១ ពីសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ: បេក្ខជនជយលាភីកំពូលចំនួន៣រូប រួមនឹងបេក្ខជន៧រូបផ្សេងទៀត នៃកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” វគ្គពិសេសជំនាន់ទី៦ បានទទួលរង្វាន់ប្រចាំឆមាសទី១ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃអាទិត្យទី៣១ ខែកក្កដា ឆ្នាំ២០១៦។ ជ័យលាភីលេខ១ រឺ Top-1 នៃកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” វគ្គពិសេស ប្រចាំឆមាសជំនាន់ ទី៦ ដែលត្រូវបានប្រកាសលទ្ធផលសម្លេងបោះឆ្នោតគាំទ្រតាមរយ:ទំព័រហ្វេសប៊ុករបស់ សម្តេចតេជោហ៊ុនសែន គឺបេក្ខនារី ហង្ស ម៉ារិនី តំណាងក្រុមមូលនិធិកម្ពុជា CAC ដែលទទួលបានការបោះឆ្នោត ១៧,៧១២ សម្លេង ដោយទទួលបានរង្វាន់ម៉ូតូចំនួន០១គ្រឿង ជ័យលាភីលេខ២ គឺបេក្ខជន ជា វណ្ណារិទ្ឋិ ទទួលបាន ១៦,៤៩២ សម្លេង ទទួលបានរង្វាន់កុំព្យូទ័រចំនួន០១គ្រឿង និងជយលាភីលេខ៣ បេក្ខជន ឃឹម សុច័ន្ទវិរ: ទទួលបាន១៦,០៩៤ សម្លេង ទទួលបានរង្វាន់ iPad-Air2 ចំនួន០១គ្រឿង ដោយឡែកបេក្ខជនលេខ៤ ដល់លេខ១០ រួមនឹងបេក្ខជនជយលាភីទាំង៣រូប ក៏ទទួលបានថវិកា១លានរៀល អាវកីឡា និងអាវយុវជនគំរូកម្ពុជាផងដែរ។

សម្តេចតេជោ នាយករដ្ឋុមន្ត្រី បានថ្លែងថា យើងចង់បានមិនត្រឹមតែ E-Government នោះទេ គឺចង់បានទាំង E-People រឺជាប្រជាពលរដ្ឋប្រព័ន្ធព័ត៌មានវិទ្យាតែម្តង គឺមានន័យថា ប្រជាពលរដ្ឋក៏អាចបំពេញកាតព្វកិច្ចជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល បានតាមរយ:ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាតាមសម័យកាល។ ទន្ទឹមនេះ សម្តេចតេជោ ក៏បាន ធ្វើការពន្យល់ដល់យុវជនកម្ពុជា និងចង់ឲ្យយុវជនចេះប្រើឱកាសមាសឱកាសពេជ្រ ក្នុងពេលដែលមានហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់គ្រប់គ្រាន់ និងសន្តិភាពពេញលេញដូចនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានបញ្ជាក់ថា បើមិនអាចប្រើឱកាសនេះ សម្រាប់ជាតិទាំងមូលបាន ក៏សូមឲ្យយុវជនចេះប្រើសម្រាប់ខ្លួនឯងឲ្យបានល្អដែរ។ ស្របពេលដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឲ្យយុវជនកម្ពុជាត្រូវប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឲ្យមានប្រយោជន៌ដល់សង្គមជាតិនោះ សម្តេចតេជោក៏បានបញ្ជាក់ពីចំនួនអ្នកចូលគាំទ្រក្នុងទំព័រហ្វេសប៊ុករបស់សម្តេច ដែលមកដល់ពេលនេះ បានកើនដល់ជិត៥លានទៅហើយ រីឯចំនួនអ្នកចូល Post Like សរុបក្នុងទំព័រហ្វេសប៊ុករបស់សម្តេចក៏មានជាង១៥លាន៦សែននាក់ ក្នុងនោះ ក៏មានជនបរទេសចូលមកចុចLike និងComment ផងដែរ។

នៅក្នុងពិធីប្រគល់ជយលាភីនេះ សម្តេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់ថា នឹងបញ្ចូលបន្ថែមប្រធានបទដែលពាក់ព័ន្ធនឹងវិស័យអប់រំ សម្រាប់ការប្រកួតប្រជែងក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជា នៅវគ្គក្រោយផងដែរ ខណ:ដែល ប្រធានបទកំណត់សម្រាប់ការចូលរួមប្រកួតនាពេលនេះ គឺផ្តោតទៅលើ៖ ១)សកម្មភាពអប់រំលើកស្ទួយការគោរពច្បាស់ចរាចរណ៍។ ២)សកម្មភាពនៃអំពើល្អទាំងឡាយ ដែលជួយទៅលើកុមារកំព្រា ស្ត្រីមេម៉ាយ ជនចាស់ជរាគ្មានទីពឹង និង ជនពិការជាដើម។ ៣)សកម្មភាពជួយយកអាសាជនរងគ្រោះក្នុងពេលមានគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់អគ្គិភ័យ ឬគ្រោះទឹកជំនន់ជាដើម ។ល។ ៤)សកម្មភាពសំអាតអនាម័យ សំរាមនៅតាមទីធ្លាសាធារណ: និង ក្នុងទីក្រុង។ ៥)សកម្មភាពទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន។

សូមបញ្ជាក់ថា បេក្ខជនចុងក្រោយទាំង១០រូបក្នុងវគ្គប្រចាំឆមាសទី១នេះ គឺត្រូវបានធ្វើការជម្រុះ ក្នុងចំណោមបេក្ខជនសរុបចំនួន៦០រូប ដែលបានជាប់ប្រចាំខែនីមួយៗកន្លងមក។ ចាប់តាំងពីកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” ចាប់ដំណើរការវគ្គទី១ រហូតដល់វគ្គទី៦ ដែលជាវគ្គពិសេសនេះ គឺមានបេក្ខជនបានដាក់ពាក់ចូលរួមសរុប ៧២០នាក់។ បេក្ខជន បេក្ខនារី ដែលបានជាប់ជយលាភីយុវជនគំរូកម្ពុជាទាំងអស់ គឺបានចុះធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ដែលសកម្មភាពទាំងអស់នេះ គឺបានបង្ហាញពីការចូលរួមនៅក្នុងសង្គមយ៉ាងផុសផុល និងជាគំរូដល់យុវជនដទៃទៀត។ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងបំណងលើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេស យុវជនកម្ពុជាគ្រប់រូបឲ្យចូលរូមកសាងអំពើល្អនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខផ្សេងៗ ម្យ៉ាងវិញទៀត កម្មវិធីនេះ បានផ្តល់ឱកាសឲ្យ ប្រជាពលរដ្ឋ និងយុវជនបានចែករំលែកទេព្យកោសល្យ និងស្នាដៃគំរូល្អដែលខ្លួនមានដល់យុវជនដទៃទៀតក្នុងសង្គម។ លើសពីនេះទៀត កម្មវិធីនេះ គឺបានផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ និងយុវជនគ្រប់ស្រទាប់វណ្ណ: បានបង្ហាញ និងចែករំលែកទេព្យកោសល្យ និងស្នាដៃគំរូល្អដែលខ្លួនមានដល់យុវជនដទៃៗទៀតនៅក្នុងសង្គម៕

photo_2016-07-31_15-25-29

photo_2016-07-31_15-25-33

photo_2016-07-31_15-25-44

photo_2016-07-31_15-25-43

photo_2016-07-31_15-25-41

photo_2016-07-31_15-25-35

photo_2016-07-31_15-25-28

photo_2016-07-31_15-25-30

photo_2016-07-31_15-25-33 (2)

photo_2016-07-31_15-25-32

photo_2016-07-31_15-25-31

SHS

photo_2016-07-31_15-25-51

photo_2016-07-31_15-25-49

photo_2016-07-31_15-25-48

photo_2016-07-31_15-25-47

photo_2016-07-31_15-25-46

photo_2016-07-31_15-25-45

photo_2016-07-31_15-25-42

photo_2016-07-31_15-25-39

photo_2016-07-31_15-25-36

photo_2016-07-31_15-25-34

មតិយោបល់