ភ្នំពេញៈ បុរសម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ក្រោយផ្ទុះហិង្សាចាប់វាយយុវតីជាសិស្សសាលា បណ្ដាលឲ្យរងរបួសចំនួន ៥នាក់ កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឈុំ សាវ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ចំណែកកូនស្រីជនសង្ស័យឈ្មោះ ផង់ ភិជ្ជនាផានុត អាយុ១៦ឆ្នាំ រៀននៅថ្នាក់ទី១០B សាលាជម្ពូវ័ន ។
ជនរងគ្រោះឈ្មោះ ស្រេង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី12G1 របួសធ្ងន់ កំពុងចូលសម្រាកនៅគ្លីនិកឡាំប៊ុនថន។ ដោយទ្បែកជនរងគ្រោះ ៤នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ។
តាមសិស្សសាលា បានឲ្យដឹងថា មុនកើតហេតុ យុវតីសិស្សសាលាមួយក្រុមឈ្លោះគ្នា រហូតដល់ផ្ទុះហិង្សា វាយ ក្រញៅមកគ្នា ហើយត្រូវបានលោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាលទី២ ហៅភាគីសងខាង ឲ្យទៅធ្វើការអប់រំ បញ្ចប់រឿងផងដែរ។
ប៉ុន្តែក្រោយដំណឹងនេះ បានលេចឮដល់អាណាព្យាបាលសិស្ស ស្រាប់តែលេចមុខបុរស ឈ្មោះ ឈុំ សាវ៉េត ត្រូវជាឪពុករបស់យុវតីឈ្មោះ ផង់ ភិជ្ជនាផានុត មកចូលដល់ក្នុងបរិវេណសាលា ទាំងកំហឹង បានចាប់វាយសិស្សសាលា ជាភាគីគូទំនាស់ជាមួយកូនខ្លួន បណ្តាលឲ្យរងរបួស៥នាក់ (ប្រុសម្នាក់) ក្នុងនោះរបួសធ្ងន់ម្នាក់។
តាមសម្តីយុវតីឈ្មោះ ផង ភិជ្ជនាផានុត បានឲ្យដឹងថា មុនកើតហេតុ ខ្លួនរួមជាមួយមិត្តភក្តិ នៅម៉ោងចេញលេង បានដើរទៅកន្លែងលក់ដូរ ដែលនៅខាងក្រោយសាលា ដើម្បីរកទិញអីហូប ហើយបានទាស់ពាក្យសម្តីជាមួយ ក្រុមយុវតីឈ្មោះ ស្រេង ចន្ទ្រា ដែលមានគ្នាច្រើន ឈានដល់ការប្រតាយប្រតប់គ្នា ត្រូវបានលោកគ្រូអ្នកគ្រូ ហៅទៅអប់រំសងខាង លុះចេញមកវិញ ក៏ផ្ទុះកំហឹងសារជាថ្មីម្តងទៀត ដោយ រហូតឪពុករបស់ខ្លួន បានមកចាប់ឃាត់ក្រុមយុវតីខាងលើ។
បើតាមសម្តីបុរសឈ្មោះ ឈុំ សាវ៉េត បានឲ្យដឹងថា គាត់ពិតជាបានចូលទៅក្នុងបរិវេណសាលាជម្ពូវ័នមែន ក្រោយពីទទួលដំណឹងថា មានសិស្សសាលា វាយកូនស្រីគាត់ ហើយចូលទៅនោះ បានឃាត់ក្រុមយុវតីខាងលើ កុំឲ្យឈ្លោះគ្នាទេ ពោលមិនបានវាយក្មេងឡើយ ។
តែបើក្មេងសិស្សសាលាវិញ បានឲ្យដឹងថា បុរសខាងលើ បានចូលទៅមិនមែនឃាត់ កុំឲ្យឈ្លោះគ្នាទេ ពេលទៅដល់ស្រែកឡូឡា ថា ៖ « អាណាវាយកូនអញ មិនបានឡើយ » ហើយវាយទៅលើក្រុមយុវសិស្ស ជាគូទំនាស់ជាមួយកូនគាត់ បណ្តាលឲ្យសិស្សស្រី៤នាក់រងរបួស និងសិស្សប្រុសម្នាក់រងរបួស សរុប៥នាក់ ។
ហេតុការណ៍ខាងលើ ត្រូវបានលោកគ្រូអ្នកគ្រូ សិស្សសាលា ប្តឹងទៅសមត្ថកិច្ច ចុះទៅឃាត់ជនសង្ស័យម្នាក់ ដែលអះអាងថា ជាមន្ត្រីនគរបាល នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងផ្អែកតាមបណ្តឹង ភាគីរងគ្រោះដល់ទៅ៥នាក់ ៕
មតិយោបល់