បន្ទាយមានជ័យៈ ពលរដ្ឋ៣គ្រួសារលើខ្នងប៉ារ៉ែតភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទទួលអំណោយពីសាខាកាកបាទក្រហមខេត្ត និងទទួលដីលំនៅដ្ឋានពីសប្បុរសជនពីលោក ហួត គង់ និងភរិយា ជូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ខ្វះដីលំនៅដ្ឋានរស់នៅ។
លោក លី សារី អភិបាលរងខេត្ត និងជាប្រធានសាខាកាកកបាទក្រហមខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍នាព្រឹកថ្ងៃទី១ សីហា ឆ្នាំ២០១៦ថា នេះជាអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ប្រជាពលរដ្ឋ៣គ្រួសារជួបការលំបាក និងជីវភាពប្រចាំថ្ងៃ និងគ្មានដីលំនៅដ្ឋានរស់នៅ នេះជាអំណោយដោយសប្បុរសធម៌ពី លោក ហួត គង់ និងភរិយា ចែកជូនបងប្អូនកាលពីមុនគ្មានទីលំនៅពិតប្រាកដ បងប្អូនលែងលំបាកដូចមុនទៀត ហើយ គឺមានផ្ទះ និងដីលំនៅដ្ឋានខ្លួនឯងពិតប្រាកដ។
ពលរដ្ឋដែលបានទទួលអំណោយពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យមាន ៖ ១.ឈ្មោះកេត រិទ្ធី ភេទប្រុស អាយុ៥០ឆ្នាំ ២.ឈ្មោះ ខា ពូន ភេទប្រុស អាយុ៣១ឆ្នាំ ៣.ឈ្មោះ ង៉ាម សុផល ភេទប្រុស អាយុ៣២ឆ្នាំទាំងអស់គ្នារស់នៅលើខ្នងប៉ារ៉ែតភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោក លី សារី ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សាសុខភាព ត្រូវថែរក្សាអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាត បរិភោគទឹកត្រូវដាំឲ្យពុះ សម្អាតបរិស្ថានជុំវិញផ្ទះ..។ល។ ដើម្បីចៀសវាងរាល់ជំងឺដង្កាត់នានា។
លោកលី សារី បានលើកឡើងថា កាលណាយើងរស់នៅមិនមានអនាម័យធ្វើឲ្យយើងឈឺ កាលណាឈឺត្រូវការចំណាយថវិកាដើម្បីព្យាបាលជម្ងឺធ្វើឲ្យជីវភាពកាន់តែដុនដាបទៅ។ ប្រសិនបើយើងមិនឈឺយើងនឹងសល់ថវិកា ជីវភាពយើងកាន់តែធូរធារ។
អំណោយដែលយកទៅចែកក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១(មានសារុង ក្រមា មុង ភួយ ប្លាស្ទីក១ផ្ទាំង ម្ស៉ៅសាប៊ូ១គីឡូ ប្រេងឆា១លីត្រ សម្ភារះផ្ទះបាយ ថវិកាមួយចំនួន ហើយក្នុងមួយគ្រួសារទួលសង្ក័សី១២សន្លឹក និងដីលំនៅដ្ឋាន៤ម៉ែត្រគុណ១៥ម៉ែត្រ៕
មតិយោបល់