ព័ត៌មានជាតិ

Updated៖ រថយន្តស្ទូចសម្ភារៈសំណង់ ដួលរលំសង្កត់ ឡាន ២គ្រឿង កង់បី និងបង្គោលភ្លើង រងការខូចខាត

ព្រះសីហនុ: កាលពីវេលាម៉ោងជិត ៩ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ការងារ តាមផ្លូវសាធារណ:មួយកន្លែង ក្នុងសង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ ម្តុំផ្លូវចុះពីអប្សរាថតរូបមកក្រោម បង្កឡើងដោយរថយន្តស្ទូច ០១គ្រឿងម៉ាក KATO ពណ៌លឿង គ្មានផ្លាកលេខ ជាកម្មសិទ្ធរបស់ឈ្មោះ តាយ ស្នាក់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ពេលកំពុងស្ទូចសម្ភារ:សំណង់ បានដួលរលំសង្កត់ មកលើយានយន្តមួយចំនួនរួមមាន៖
១, រថយន្តស្ទូចម៉ាក HOWO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-1339 ម្ចាស់ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ ៣២ឆ្នាំ នៅខេត្តកំពង់ស្ពឺ ។
២, រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2N-1475 ម្ចាស់ឈ្មោះ CHEN EI HAO ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន ស្នាក់នៅកន្លែងកើតហេតុ។
៣, ឡំប្រឺតាកង់៣ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HA-1873 ម្ចាស់ឈ្មោះ ទឹម ភា ភេទប្រុស អាយុ ៤១ឆ្នាំ នៅខេត្តព្រៃវែង ។
៤, បង្គោលភ្លើងអគ្គិសនីខេត្តព្រះសីហនុ ចំនួន ០១ដើម ។

ក្រៅពីការខូចខាតយានយន្ត និងសម្ភារ:ផ្សេងៗ សំណាងល្អ មិនមានមនុស្សរងគ្រោះថ្នាក់ទេ។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចចម្រុះមាន ថ្នាក់ដឹកនាំខេត្ត ក្រុង កម្លាំងនគរបាល កងរាជអាវុធហត្ថ និងសមត្ថកិច្ចមូលដ្ឋាន សហការ អន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗ និងសម្រួលចរាចរណ៍ ។

បច្ចុប្បន្នវត្ថុតាង នគរបាលជំនាញចាត់ចែងនាំយកមករក្សាទុក ដើម្បីដោះស្រាយបន្ត៕

មតិយោបល់