ព័ត៌មានជាតិ

រត់ចោលប្តីលួចទាំងរថយន្ត ចេញពីផ្ទះទៅតាមប្រុសក្មេង រហូតម្តាយប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍

ភ្នំពេញៈ ស្រ្តីវ័យក្មេងម្នាក់ មានគូដណ្តឹង រស់នៅជាមួយគ្នាដូចប្តីប្រពន្ធទៅហើយ បែរជាទៅលួចសាងស្នេហ៍ថ្មី រត់ប្រុសក្មេង បង្កអុកឡុក បំផ្លាញលុយកាក់ ទ្រព្យសម្បត្តិក្នុងគ្រួសារ លួចយកទាំងរថយន្តឪពុកម្តាយ បើករត់គេច ក្រុមគ្រួសារតាមស្វែងរកឃើញ ប្តឹងប៉ូលិសឲ្យជួយដេញតាមចាប់ឃាត់។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ តាមផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីវ័យក្មេងខាងលើមានឈ្មោះ ល.ស.ត អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនឡ ភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទើបតែលួចមកស្នាក់នៅក្នុងភូមិ កើតហេតុខាងលើ ២ខែនេះទេ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ស្ត្រីខាងលើ មានគូដណ្តឹងតែរស់នៅជាមួយគ្នាជាង២ឆ្នាំមកហើយ ស្រាប់តែក្នុងរយៈពេល២ខែមកនេះ បែរជាលួចមានស្នេហា ជាមួយប្រុសក្មេង នៅក្រុងភ្នំពេញ រត់គេចចេញពីផ្ទះបាត់ដំណឹងឈឹង យកទាំងរថយន្តព្រូស១គ្រឿង ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ឆ្នាំង 2B-3253 មកជាមួយផង រួមទាំងលួចលុយឪពុកម្តាយ ទ្រព្យសម្បត្តិ ទើបតែនៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែមីនានេះស្ត្រីខាងលើ លេចមុខទៅផ្ទះ លួចគាស់ទ្វារចូល ប្រមូលយកខោអាវ ត្រូវបានក្រុមគ្រួសារ ដឹងខ្លួនងើបផ្អើលឆោឡោ កូនស្រីរត់គេចខ្លួន ភ្លាមៗ ត្រូវបានក្រុមគ្រួសារ ដេញតាមប្រផាប់ប្រផីង តាំងពីខេត្តកំពង់ឆ្នាំង តាមរយៈរថយន្តឈ្នួល ចូលរហូតមកដល់ទីក្រុងភ្នំពេញ តាមដល់ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ស្ត្រីវ័យក្មេង នឹកថា គ្មានបងប្អូនតាមទៀតទេ ក៏ទៅយករថយន្តដែលផ្ញើរទុកនៅកន្លែងទទួលបញ្ជើរ បម្រុងបើកគេច ត្រូវបានក្រុមគ្រួសារ ចូលដល់រារាំង ហើយឃាត់មិនជាប់ ស្ត្រីខាងលើ បើករថយន្តគេចវិល ជុំវិញក្នុងភូមិ ទើបខាងគ្រួសារប្តឹងប៉ូលិស ឲ្យជួយដេញតាមឃាត់បាន ក្នុងភូមិតាងួន ឈប់រថយន្តឡុកសោជាប់តាមផ្លូវ មិនព្រមចេញ បង្កឲ្យកកស្ទះចរាចរណ៍ ផ្អើលអស់ប្រជាពលរដ្ឋចោមរោមមើល។ អំទ្បុងពេលនោះ សមត្ថកិច្ច បានប្រើវិធីសាស្ត្រលួងលោម ទើបស្ត្រីរូបនេះ យល់ព្រមបើកទ្វាររថយន្ត តែមិនព្រមចុះពីរថយន្ត រហូតដល់ក្រុមគ្រួសារ ចាត់វិធានការ ស្ទុះចូលចាប់ ឲ្យប៉ូលិសទាញចេញ និងនាំយកទៅប៉ុស្តិ៍ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា កូនស្រីរបស់គាត់ មិនដឹងត្រូវស្នេហ៍អ្វី ទើបងុបងុលជាមួយប្រុសក្មេង សុខចិត្តរត់ចោលប្តី ក្រុមគ្រួសារ បំផ្លាញលុយកាក់ ទ្រព្យសម្បត្តិ ក្នុងផ្ទះអស់រាប់ពាន់ដុល្លារ ហើយទើបតាមរកឃើញ ស្នើសុំឲ្យប៉ូលិសជួយឃាត់ នាំចូលប៉ុស្តិ៍ ដើម្បីនិយាយគ្នា យករថយន្តទៅផ្ទះវិញ និងស្នើសុំឲ្យប៉ូលិសជួយពិនិត្យតេស្ត បើមានសាធាតុញៀន នោះ ក្រុមគ្រួសារ នាំទៅមណ្ឌលបន្សាបគ្រឿងញៀន តែបើតេស្តទៅ មិនមានសាធាតុញៀន ក្រុមគ្រួសារ នាំយកទៅផ្ទះវិញ ធ្វើការអប់រំ ក្នុងវិន័យគ្រួសារ ៕

មតិយោបល់