ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសជាប្ដីផឹកស្រាស្រវឹង ជេរប្រមាថ វាយដំ ប្រពន្ធ

កណ្តាលៈ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី មានករណីហិង្សាក្នុងគ្រួសារ ចំណុចភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ កក អូន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ជាប្រពន្ធ)។
ជនសង្ស័យឈ្មោះ សែ ស៊ូ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំ-ជាមួយគ្នា (ជាប្ដី) (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ គ្មាន។

សភាពនៃរឿងហេតុ៖ កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្តអំពើហិង្សាជេរប្រមាថ វាយដំ លើជនរងគ្រោះជាប្រពន្ធជាញឹកញាប់ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ព្រែកលួងធ្វើកិច្ចសន្យាអប់រំជនសង្ស័យជាច្រើនលើកមកហើយ។
ដល់អំឡុងខែសីហា ឆ្នាំ២០១៩ ដោយទ្រាំមិនបាន និងប្ដីជេរប្រមាថរករឿងខ្លាំងពេក ជនរងគ្រោះបាននាំកូនចេញពីផ្ទះទៅជួលផ្ទះគេស្នាក់នៅក្នុងភូមិ-ឃុំ-ជាមួយគ្នានោះ។ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ជនសង្ស័យបានទៅនិយាយលួងលោមប្រពន្ធកូនឲ្យមករស់នៅផ្ទះជាមួយខ្លួនវិញ ក្រោយមកជនសង្ស័យនៅតែប្រព្រឹត្តហិង្សា ទៅលើជនរងគ្រោះដដែលទៀត។ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅសាលាឃុំព្រែកលួង សុំលែងលះប្តី ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ពេលព្រឹក លោកមេភូមិបានយកលិខិតអញ្ជើញទៅឲ្យជនរងគ្រោះ និងជនសង្ស័យដែលកោះហៅឲ្យចូលទៅសាលាឃុំនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ម៉ោង៨ព្រឹក ក្រោយពីទទួលបានលិខិតអញ្ជើញ ជនសង្ស័យបានទៅហូបស្រាស្រវឹង ជេរជនរងគ្រោះថា មីកំណើតឆ្កែអញដេញឲ្យងែងចេញ ហើយងែងនៅរឹងក្បាល មិនព្រមចេញទៀត ចាំមើលអញអារកងែងសម្លាប់ចោល ជនរងគ្រោះឆ្លើយថា ឲ្យតែផ្តិតមេដៃឲ្យខ្ញុំមក ខ្ញុំចេញហើយ ជនសង្ស័យបានស្ទុះចូលទៅវាយជនរងគ្រោះ តែ
ជនរងគ្រោះបានរត់ឡើងទៅលើផ្ទះ បិតទ្វារ ដាក់កន្លឹះជាប់ ជនសង្ស័យបានមាត់ឡូឡានៅក្រោមផ្ទះ និងនិយាយថា ទោះជាអាប៉ូលិសណាក៏អញមិនខ្លាចដែរ។ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ម៉ោង ៨ព្រឹក ជនរងគ្រោះបានទៅសាលាឃុំ ឯជនសង្ស័យមិនទៅទេ បានទៅហូបស្រាបណ្តាលឲ្យមានសភាពស្រវឹងស្រា ដល់ម៉ោង ៩និង៣០នាទី ជនរងគ្រោះបានត្រឡប់មកផ្ទះវិញ បានសួរជនសង្ស័យថា ក្រែងថាទៅផ្តិតមេដៃ ហេតុអ្វីទៅផឹកស្រាទៀតហើយ? ភ្លាមនោះជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះមួយដៃសំដៅមុខ តែបានកូនស្រីឈ្មោះ ស៊ូ ធារី ចូលទៅឃាត់លើកដៃរងក៏ត្រូវចំច្រមុះជនរងគ្រោះបន្តិច ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកលួង កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់