បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ផ្ទះលក់គ្រឿងដែក និង គ្រឿងអគ្គិសនី ១ខ្នង ត្រូវបានភ្លើងឆេះ ខ្ទេចខ្ទីស្ទើរអស់ទាំងស្រុង តែសំណាងត្រូវកម្លាំងចម្រុះ យករថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង និងប្រជាពលរដ្ឋ ចេញទៅជួយសង្គ្រោះបាញ់ទឹកពន្លត់ទាន់ពេលវេលា មិនរាលដាលដល់ផ្ទះអ្នកជិតខាង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចខាងត្បូងផ្សារចំការគរ ផ្លូវជាតិលេខ៥៦ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ីឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ ម្ចាស់ផ្ទះមានឈ្មោះ ប៉ោ ជា ភេទប្រុស អាយុ ៧៦ឆ្នាំ ប្រពន្ធឈ្មោះ កែវ ហៀក អាយុ ៦៨ឆ្នាំ មុខរបរលក់គ្រឿងដែក និង គ្រឿងអគ្គិសនី ស្ថិតក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ។
លោកបញ្ជាក់ឲ្យដឹងទៀតថា៖ ក្រោយពេលភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះ ម្ចាស់ផ្ទះបានរត់ចេញមកក្រៅឲ្យគេជួយ ស្របពេលនោះ មានប្រជាពលរដ្ឋ កម្លាំងនគរបាលក្រុង កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត រួមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង បានបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ពេលវេលា១ម៉ោង ទើបភ្លើងរលត់ទាំងស្រុង។
លោកអធិការបានបញ្ជាក់ឲ្យដឹងទៀតថា៖ សំណង់ដែលត្រូវភ្លើងឆេះនោះ ជាផ្ទះល្វែងជាន់ទី១ ឆេះប្រហែលមកពីទុស្សេចរន្តអគ្គិសនី ចំណែក សម្ភារដែលខូចខាតនោះ បើតាមការឲ្យដឹងពីម្ចាស់គិតជាទឹកប្រាក់ សរុបជាប្រាក់ប្រហែលជា ១០,០០០ដុល្លារ (ម៉ឺនដុល្លា)៕
មតិយោបល់