ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះផ្ទះនិងសាលារៀនឯកជន ការខូចខាត គិតជាទឹកប្រាក់ប្រហែល៥ម៉ឺនដុល្លា

បន្ទាយមានជ័យៈ យោងតាមផេករបសើការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ផ្ទះ១ខ្នង ក្រោមថ្ម លើឈើ មានសាលាបង្រៀនភាសាជាប់ក្បែរផងដែរ ដែលមានទទឹង ៨ម៉ែត្រ បណ្តោយ២០ម៉ែត្រត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង នៅវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រោយផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ អេម ពៅ រស់នៅភូមិ អូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាភ្នាក់ងារកាសែត កម្ពុជាថ្មី និងទូរទស្សប៉ុស្តិ៍លេខ៨ ប្រចាំខេត្តបន្ទាយមានជ័យ ។ បើតាមការអះអាងរបស់ម្ចាស់ លោក អេម ពៅ បានប្រាប់ឲ្យដឹងថា៖នៅមុនពេលកើតហេតុនោះភ្លើងឆេះចេញពីជាន់លើមួយសន្ទុះស្រាប់តែភ្លើងឆេះពេញបន្ទុកស្របពេលនោះមានអ្នកជិតខាង ជួយយកទ្រព្យសម្បត្តិចេញពីកន្លែងភ្លើងឆេះ ហើយជួយបាញ់ទឹកពន្លត់ដែរតែដោយសារតែភ្លើងឆេះពេញបន្ទុកមិនអាចបាញ់ទឹកពន្លត់បាន។ ភ្លាមនោះដែរគេបានឃើញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។ក្នុងហេតុការណ៍អគ្គិភ័យនេះ ក៏មានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការស្តីទី លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានចុះទៅដល់កន្លែងកើតហេតុ និងបានដឹកនាំកម្លាំងរបស់នគរបាល កម្លាំងរបស់អាវុធហត្ថខេត្ត កម្លាំងរបស់យោធាខេត្ត និង មន្ត្រីមូលដ្ឋាន សង្កាត់អូរអំបិល បានពួកដៃគ្នាជួយពន្លត់ភ្លើងយ៉ាង សស្រាក់ សស្រាំ បាញ់ទឹកពន្លត់ ។

លោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរង ទទួលការងារគ្រប់គ្រងជាតិផ្ទុះ និងអគ្គីភ័យបានឲ្យដឹងថា ៖ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ គឺយើងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់ក្រុងសិរីសោភ័ណ១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន៦រថយន្ត នៅពេលដែលភ្លើងបានថបថយហើយនោះក៏មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ទើបគ្រប់គ្រងស្ថានការបានហើយភ្លើងបានរលត់ទាំងស្រុងមិនរាលដាលទៅផ្ទះអ្នកជិតខាង ហើយក៏មិនមានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ នោះទេ។

លោកស្នងការងបានបញ្ជាក់ថា ៖ បើតាមការឲ្យដឹងពីម្ចាស់ផ្ទះ មូលហេតុបង្កឲ្យឆេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើងនៅជាន់លើ ម្ចាស់ផ្ទះរវល់លក់ដូរមុខផ្ទះខាងក្រោម។ ទ្រព្យសម្បត្តិក្នុងផ្ទះភ្លើងឆេះអស់ទាំងស្រុងរួមទាំងសម្ភារលក់ក្នុងម៉ាត បើគិតជាទឹកប្រាក់ប្រហែលជាង៥០.០០០ដុល្លា៕

 

មតិយោបល់