ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ខ្សែ.កជាង១តម្លឹង បានសម្រេច ពីបុរសម្នាក់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ខ្សែ.ក ប្លាកទីនទម្ងន់១តម្លឹងជាង ពីបុរសម្នាក់ កំពុងដើរមកពីផ្សារជាមួយប្រពន្ធ ត្រឡប់ទៅផ្ទះ បានសម្រេច ហើយជនសង្ស័យបានគេចខ្លួនបានសម្រេច មិនរំខានដល់ប៉ូលិសមូលដ្ឋានឡើយ។

ហេតុការណ៍នេះ នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ឧសភា ២០២០ ចំណុចមុខផ្ទះគ្មានលេខផ្លូវ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឆន ឈឿន ភេទប្រុសអាយុ៥១ ឆ្នាំ មុខរបរសន្តិសុខឯកជន ប្រពន្ធឈ្មោះ កាន់ ស្រីម៉ៅ ៣៩ មេផ្ទះ ផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់ បានដើរជូនប្រពន្ធមកផ្សារសាំហាន់ ដើម្បីទិញបន្លែសាច់ធ្វើម្ហូប។ លុះពេលពួកគាត់ដើរត្រឡប់មកពីផ្សារវិញ បំណងទៅផ្ទះ ធ្វើដំណើរតាមផ្លូវបេតុង១០៥ មកដល់ផ្លូវអក្សរT ជិតដល់ផ្ទះជួល ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូស្កុបពីមួយគ្រឿង ពណ៌ក្រហម មិនចាំស៊េរី មិនចាំផ្លាកលេខ មកក្បែររូបគាត់លូកដៃឆក់យកខ្សែ.កគាត់ ដែលពាក់នៅនឹង.កដាច់បាត់ រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុ ប៉ូលិសមូលដ្ឋាន បានចុះទៅសួរនាំ និងបាននាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ដើម្បីកំណត់ភិនភាគជនសង្ស័យ ដើម្បីស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យកមកផ្តន្ទាទោស។

សូមបញ្ជាក់៖ បន្ទាប់ពីកើតហេតុជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹង រួចគាត់ត្រទ្បប់មកវិញ បានដើរទៅកន្លែងកើតហេតុ រើសបានបណ្តោងចែកាច់ស្រោបប្លាកទីននៅកន្លែងកើតហេតុ៕

មតិយោបល់