ភ្នំពេញៈ យុវជនម្នាក់ ប្រើប្រាស់សារធាតុញៀនលើសកម្រិត បង្កអុកឡុក ក្នុងក្រុមគ្រួសារ និងអ្នកភូមិ ដៃប្រដាប់ដោយដាវ ដំបង ដេញកាប់ឪពុកម្តាយ មិនបានសម្រេច បែរជាកាប់លើស្ត្រីម្នាក់ ដើរតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ហើយរត់ទៅសម្ងំលាក់ខ្លួនក្នុងព្រៃ ផ្អើលប្រជាពលរដ្ឋ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងប្រជាការពារតាមចាប់ខ្លួនបាន។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ឈិន សៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់មណ្ឌលកែប្រែ មានឪពុកឈ្មោះ ឆុន ឈិន អាយុ៥៣ឆ្នាំ មុខរបរ កសិករ មានបងប្អូន៣នាក់ ប្រុសទាំងអស់ ជនសង្ស័យជាកូនទី២ រស់នៅផ្ទះ កន្លែងកើតហេតុ។
ចំណែកជនរងគ្រោះ ឈ្មោះ ស៊ុន កក ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ជាស្ត្រីមេម៉ាយ កូនប្រុស៣នាក់ រស់នៅក្នុងភូមិកើតហេតុជាមួយគ្នា ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យធ្លាប់គំរាម កាប់អ្នកភូមិ ក្រុមគ្រួសារ ឪពុកម្តាយ ច្រើនលើកច្រើនសារមកហើយ លុះមកដល់ព្រឹកថ្ងៃទី២៩ ខែឧសភានេះ ជនសង្ស័យប្រដាប់ ដោយដាវ ដំបង គំរាមដេញកាប់ឪពុកម្តាយ តែមិនបានសម្រេច នាំគ្នារត់គេច ស្របពេលដែលស្ត្រីរងគ្រោះ ដើរឆ្លងកាត់មុខផ្ទះរបស់ជនសង្ស័យ បំណងទៅធ្វើការរោងចក្រ ស្រាប់តែជនសង្ស័យស្ទុះមក កាប់វាយ លើស្ត្រីរងគ្រោះ បណ្តាលឲ្យរបួសក្បាល ដៃធ្ងន់ធ្ងរ ហូរឈាមកក្លាក់ វង្វេងបាត់ស្មារតី ក្នុងបំណងសម្លាប់ចោលតែមិនស្លាប់ ហើយជនសង្ស័យរត់គេចទៅសម្ងំក្នុងព្រៃឫស្សីមុខផ្ទះបាត់ ។
ស្ត្រីរងគ្រោះ ក្នុងសភាពរបួសធ្ងន់ធ្ងរ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយកម្លាំងនគរបាល កម្លាំងប្រជាការពារ ពលរដ្ឋក្នុងភូមិ ចេញអន្តរាគមន៍ តាមស្វែងរកជនសង្ស័យ ដែលរត់ទៅសម្ងំក្នុងព្រៃ អស់រយៈពេល៣នាទីក្រោយទើបចាប់ខ្លួនបាន ។
ជនសង្ស័យក្នុងសភាពប្រើប្រាស់សារធាតុញៀនហួសកម្រិត ប្រាប់និយាយថា រូបគេខឹងនឹងកូនប្រុសរបស់ស្ត្រីរងគ្រោះ ចេះធ្វើអំពើ (ផ្លូវងងឹត) បានធ្វើឲ្យរូបគេវង្វេង ទើបរូបគេគុំចាំកាប់ ស្ត្រីរងគ្រោះ ជាម្តាយ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន រួមជាមួយវត្ថុតាង រួចនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ៕
មតិយោបល់