ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី ៣នាក់ មានម្នាក់ជានិស្សិត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីពាក់ព័ន្ធសារធាតុញៀន

មណ្ឌលគិរីៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអង្គារ៍ ០៤រោជ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ នាវេលាម៉ោង១៤ និង៤០ នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ នឹងបទបញ្ជាយ៉ាហ្មឹងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ក្នុងទូទាំងខេត្តមណ្ឌលគិរី។ លោកស្នងការបានដាក់បទបញ្ជាអោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារបង្ការ និងបង្រ្កាបគ្រឿងញៀននិងមន្រ្តីក្រោមឱវាទ ចុះសហការជាមួយផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអូររាំង ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានអ្នកញៀនថ្នាំបានប្រមូលផ្ដុំគ្នា កំពុងប្រើប្រាស់នូវសាធាតុញៀនខុសច្បាប់។ ទើបកម្លាំងសមត្ថកិច្ចបានរៀបចំ កម្លាំងចុះប្រត្តិបត្តិការធ្វើការត្រួតពិនិត្យ ជាក់ស្ដែងដល់កន្លែងកើតហេតុ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ វឿន ចាន់ធី ហៅខ្ចឹង ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ដោយបានធ្វើការឃាត់ខ្លួន និងឆែកឆេរនៅក្នុងលំនៅដ្ឋានផ្ទះជនសង្ស័យ និងនៅលើខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមានជនសង្ស័យទី១.ឈ្មោះ វៀន ចាន់ធីហៅ ខ្ចឹង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមាន ស្រុកកំណើតនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ទីលំនៅបច្ចុប្បន្នរស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ជនសង្ស័យទី២.ឈ្មោះ នូវ ម៉េងហ័រ ហៅ ហ័រ​ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានស្រុកកំណើតនៅភូមិគាថាវង្សលើ ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត មានទីលំនៅបច្ចុប្បន្នរស់ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ជនសង្ស័យទី៣.ឈ្មោះ អេង ស្រីម៉ិច ហៅផា​ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន
ស្រុកកំណើតរស់នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី​ បច្ចុប្បន្នរស់នៅភូមិចំការតែសង្កាត់ស្ពានមានជយ័ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្រោយពីបានធ្វើការឆែកឆេរក្នុងលំនៅដ្ឋានជនសង្ស័យកម្លាំងសមត្ថកិច្ចបានរកឃើញសម្ភារះរួមនិងវត្ថុតាងមួយចំនួនដែលបានបន្សល់ទុកនៅនឹងកន្លែងកើតហេតុរួមមានទុយោសម្រាប់ជក់ថ្នាំចំនួន៤,ទុយោសម្រាប់ចូកថ្នាំញៀនចំនួន០៥នឹងសម្ភារះជក់គ្រឿងញៀន០១ចំនួនទូរស័ព្ទដៃចំនួន ០២ គ្រឿងម៉ាកខែមហ្វូនចំនួន០១គ្រឿងម៉ាកអូរប៉ូចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យបង្រ្កាបគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសុំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់កាទៅតាមនិតិវិធីច្បាប់៕

មតិយោបល់