ព័ត៌មានជាតិ

ឡង់គរីស័រដឹកឈើប្រណិតលោតឆត្រមិនបានសម្រេច ម្ចាស់គេចខ្លួនបាត់ស្រមោល

រតនគិរីៈ រថយន្តឡង់គ្រីស័រមួយគ្រឿងដឹកឈើប្រណិតលោតឆត្រ ត្រូវបានសមត្តកិច្ចជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបបាន នៅស្រុកកូនមុំ កាលពីវេលាម៉ោង៣៖១៥នាទីទាបភ្លឺ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចភ្នំកូនសេក តាមកំណាត់ផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិតាអងកាតែ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។

ប្រភពឲ្យដឹងថា រថយន្តដឹកឈើប្រណិតមួយគ្រឿងម៉ាកឡងគ្រីស័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2N-1619 លួចដឹកឈើប្រណិតប្រភេទធ្នង់ជាច្រើនដុំ ដោយដឹកចេញពីព្រំប្រទល់ខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់ខេត្តរតនគិរី ត្រូវបាន​កម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្តរតនគិរី នឹងកម្លាំងប៉េអឹមផ្ទៃប្រទេសធ្វើការបង្ក្រាបបាន។

បើតាមការឲ្យដឹងពីលោក គឹម ឆេងលឹម នាយសង្កាត់រដ្ឋបាលព្រៃឈើកូនមុំបានឲ្យដឹងថា ក្រោយពីបង្ក្រាបបានរថយន្តខាងលើនេះដែរ ម្ចាស់រថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា ម្ចាស់រថយន្តដឹកឈើប្រណិតខាងលើនេះ ឈ្មោះ ស្នា ជាមន្ត្រីនគបាលខេត្តរតនគិរី សកម្មក្នុងការដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ចូលក្រុងបានលុង នឹងបន្តដឹកទៅលក់នៅឯប្រទេសវៀតណាម។

បច្ចុប្បន្ន រថយន្តដឹកឈើត្រូវបានជំនាញរដ្ឋបាលព្រៃឈើយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រីឯចំនួនឈើ សមត្តកិច្ចជំនាញពុំទាន់ធ្វើការវាស់វែងនៅឡើយនោះទេ៕

photo_2016-08-05_12-20-14photo_2016-08-05_12-20-18 (2)photo_2016-08-05_12-20-18photo_2016-08-05_12-20-19photo_2016-08-05_12-20-17photo_2016-08-05_12-20-16

មតិយោបល់