ភ្នំពេញៈ ស្រ្តីជនជាតិចិនម្នាក់ ត្រូវគេចាប់បង្ខាំង និងចងជំរិតទារប្រាក់ បង្កជាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់យីហោ (នគរឡាក់គី) បន្ទប់លេខ៣០៥ ជាន់ទី៣ ដែលមានទីតាំងលេខ៨ មុខបេនឡាបាត់ដំបង ខាងលិចផ្សារធំថ្មី ផ្លូវលេខ១២០ ភូមិ២ សង្កាត់ផ្សារទី២ ខណ្ឌដូនពេញ។
ក្រោយពីមានករណីខាងលើ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ជឿ សមភណ្ឌ នាយផ្នែក ដោយមានការអនុញ្ញាតពីលោក ងិន ពេជ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ ចុះអន្តរាគមន៍ភ្លាមៗផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះYEI AZHI ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះជួលម្ដុំសាលាចិនទួនហ្វា សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន មុខរបរលក់ខោអាវកូនក្មេងនៅផ្សារអូឡាំពិត។
បើយោងតាមប្តីជនរងគ្រោះដែលចេះនិយាយភាសាខ្មែរតិចបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នប្រពន្ធរបស់គាត់ប្រាប់គាត់ថា ចេញទៅជួបមិត្តភក្តិ ដើម្បីនិយាយការងាររកស៊ីជាមួយគ្នា ក៏ស្រាប់តែបាត់ប្រពន្ធរហូតដល់ល្ងាចថ្ងៃដដែល ទើបគាត់បានទទួលព័ត៌មានថា ប្រពន្ធរបស់គាត់ត្រូវបានគេចាប់ជំរិត រួចគាត់ក៏បានទៅប្តឹងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រហូតបង្កើតគណៈកម្មការចម្រុះចុះទៅត្រួតពិនិត្យទីតាំងផ្ទះសំណាក់ខាងលើ ខណៈគណកម្មការចម្រុះបានរកឃើញវត្ថុតាំង ខ្សែជ័រចំនួន៤ខ្សែ និងកាំបិតកៃមួយបន្សល់ទុកក្នុងបន្ទប់។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ក្នុងសកម្មភាពចាប់ជំរិតនេះ ជនល្មើសបានជំរិតទារប្រាក់ពីជនរងគ្រោះចំនួន១០ម៉ឺនយ័ន ដោយជនរងគ្រោះបានរៀបចំផ្ទេរលុយពីប្រទេសចិនឲ្យជនល្មើសបានចំនួន៤ម៉ឺនយ័ន ទើបជនល្មើសព្រមដោះលែងជនរងគ្រោះវិញ។
ប្រភពព័ត៌មានពីកន្លែងផ្ទះសំណាក់កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនេះ គេឃើញជនជាតិចិន(ជនល្មើស)ម្នាក់ ដែលជួលបន្ទប់លេខ៣០៥ ជាន់ទី៣ បាននាំស្រ្តីម្នាក់ឡើងទៅបន្ទប់កើតហេតុ ហើយខណៈនោះខាងម្ចាស់ផ្ទះសំណាក់បានសួរថា ត្រូវម៉េចនិងគ្នា ពេលនោះរវាងជនល្មើស និងស្រ្តីរងគ្រោះបានឆ្លើយព្រមគ្នាថា ត្រូវជាមិត្តភក្តិនិងគ្នា រួចក៏នាំគ្នាឡើងទៅក្នុងបន្ទប់បាត់ទៅ លុះដល់យប់កើតហេតុនេះស្រាប់មានកម្លាំងចុះមកពិនិត្យថា ជាការណីចាប់ជំរិតទៅវិញដែលជនល្មើសរូបនោះគេចខ្លួនបាត់ទៅហើយនោះ។
ពាក់ព័ន្ធនិងរឿងហេតុចាប់ជំរិតនោះដែរ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបាននាំជនរងគ្រោះទៅសួរនាំដើម្បីដឹងរឿងហេតុនោះថា ការករណីចាប់ជំរិតនោះ វាពិតដែរឬទេហេតុអ្វី ពេលជនល្មើសនាំចូលបន្ទប់ផ្ទះសំណាក់ជាមួយអីក៏ងាយយ៉ាងនេះ ហើយប្រាប់គេថា មិត្តភក្តិនិងគ្នាទៀត៕
មតិយោបល់