ព័ត៌មានជាតិ

ចាញ់បោកគេអស់ប្រាក់៤ពាន់ដុល្លារ និងមាស២ជី មកដាក់ពាក្យបណ្តឹងថា ជាករណីចោរប្លន់ បង្កឱ្យការភ្ញាក់ផ្អើល

ភ្នំពេញៈ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ កាលពីវេលាម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៦ ​មានក្រុមជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿង ដោយប្រើកូនកាំបិតចុងស្រួចមកធ្វើសកម្មភាពភ្ជង់ប្លន់យកប្រាក់អស់ចំនួន៤ពាន់ដុល្លារ និងមាស២ជី ខណៈ​ដែលរូបគាត់ដើរត្រឡប់មកពីផ្សារវិញនៅតាមផ្លូវនោះ តែត្រូវសម្ថកិច្ច​សន្ឋិដ្ឋានថា ទំនងរូបគាត់បានចាញ់បោកគេ ហើយបំប៉ោងសភាពការណ៍​ជាករណីប្លន់ទៅវិញ​ ក្រោយពីទទួលបាន​ចម្លើយខុសប្រក្រតីនោះ។

តាមប្រភពព័ត៌មាននពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា ស្រ្តីវ័យចំណាស់រូបនោះមានឈ្មោះ ឆៃ វង្ស អាយុ ៥៣ឆ្នាំ មានទីលំនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានក្រុមគ្រួសារនាំមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។ មុនពេលកើតហេតុកាលពីវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០១៦ ម្សិលមិញ ខណៈ​ដែលស្ត្រីវ័យចំណាស់ខាងលើបានធ្វើតំណើរមកពីផ្សារស្ទឹងមានជ័យវិញ នៅតាមផ្លូវនោះ ក៏ត្រូវបានជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង យកកាំបិតចុងស្រួចទៅធ្វើសកម្មភាពភាពភ្ជង់ប្លន់យកប្រាក់អស់ចំនួន៤ពាន់ដុល្លារ និងចិញ្ជៀនពីរវង់ ដែលមានទម្ងន់ពីរជីផងដែររួចមក។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពេលកើតហេតុភ្លាមៗនោះស្រ្តីរងគ្រោះមិនប្រាប់ក្រុមគ្រួសារណាម្នាក់ឱ្យដឹង ឬក៏មកដាក់ពាក្យបណ្តឹងដល់​កម្លាំងមានសមត្ថកិច្ចឡើយ តែបែរជារូបគាត់បានលេបថ្នាំងងុយដេកអស់ចំនួន៣បន្ទះ ដើម្បីធ្វើអត្តឃាតសម្លាប់​ខ្លួនទៅវិញ តែត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅធ្វើការសង្គ្រោះទាន់ពេលវេលា និងទើបប្រាប់ថា រូបគាត់ត្រូវបានបុរស​ម្នាក់ ជាបងប្អូនធម៌របស់កូនគាត់បានធ្វើសកម្មភាពប្លន់យកប្រាក់ និងមាសនោះទៅវិញ។ ពេលដែលទទួលបានពាក្យបណ្តឹងពីស្ត្រីវ័យចំណាស់រូបនោះរួចហើយ កម្លាំងនគរបាលខណ្ឌមានជ័យក៏បាន សហការជាមួយនិងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យក៏បានទៅធ្វើការឃាត់ខ្លួនបុរសរូបនោះមកធ្វើការសាកសួរភ្លាមៗផងដែរ តែត្រូវបានបុរសរូបនោះធ្វើការបដិសេធទៅនឹងការចោទប្រកាន់ទាំងនេះ។

ក្រោយពីការសួរនាំទៅលើស្ត្រីវ័យចំណាស់រងគ្រោះ និងបុរសជាជនសង្ស័យអស់រយៈពេលជាច្រើនម៉ោងរួចហើយបានឃើញថា មិនសមស្របនិងខុសប្រក្រតីនោះ ទើបនាំគ្នាធ្វើការសន្ឋិដ្ឋានថា រឿងហេតុនេះអាចជារឿងបំប៉ោងសភាពការ ដែលអាចបណ្តាលមកពីរូបគាត់ចាញ់បោកក្រុមទម្លាក់យោង និងបង្ក​ឲ្យមានការភ្ញាក់ផ្អើលកើត​ឡើងបែបនេះ៕

photo_2016-08-05_12-48-33photo_2016-08-05_12-48-34photo_2016-08-05_12-48-35photo_2016-08-05_12-48-36photo_2016-08-05_12-48-37

មតិយោបល់