ព័ត៌មានជាតិ

ក្មេងស្រីអាយុ៣ឆ្នាំ មកតាមម្ដាយ លាងសាច់ ក្បែរស៊ីទែនទឹក រលំសង្កត់កូនស្លាប់

ឧត្តរមានជ័យៈ ក្មេងស្រីម្នាក់ អាយុ៣ឆ្នាំ មកតាមម្ដាយលាងសាច់ធ្វើម្ហូប ក្បែរស៊ីទែនទឹក ស្រាប់តែស៊ីទែនទឹកបាត់ ស្រុតរលំសង្កត់ ពីលើបណ្ដាលឲ្យរងរបួសធ្ងន់ ហើយក្មេងស្រីរងគ្រោះ បានស្លាប់នៅវេលាម៉ោង១និង១៥នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ គៀ ដាវ ភេទស្រី អាយុ៣ឆ្នាំ ឪពុកឈ្មោះ យី ដូង ភេទប្រុស អាយុ៣១ឆ្នាំ ម្តាយឈ្មោះ សន ង៉ែត ភេទស្រី អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរស់នៅក្នុងផ្ទះជួល របស់ឈ្មោះ ប៊ូ ភា ភេទ ប្រុសអាយុ៦០ឆ្នាំ ជាម្ចាស់ស៊ីទែនទឹក រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងលាងសាច់បំរុង ធ្វើម្ហូប នៅក្បែរស៊ីទែនទឹក ហើយកូនស្រីរបស់គាត់ក៏បានមកតាមនិងអង្គុយ លេងក្បែរពាងទឹកក្រោមស៊ីទែនទឹក នោះ បន្តិចក្រោយមកក៏ស្រាប់តែ ឮសម្លេងលាន់ប្រឹបៗ ពីឈើទម្រ ស៊ីទែន ដោយសកម្មភាព រលំលឿនពេក រូបគាត់ មិនអាចជួយកូនរបស់ខ្លួន បានព្រោះកូននៅពីក្រោមស៊ីទែនទឹក តែម្តង។ ហើយរូបគាត់ នៅបញ្ឆិតបន្តិចទើបរត់គេចរួច ចំណែកកូនត្រូវសសរ ស៊ីទែននោះ សង្កត់ចំពាក់កណ្តាលខ្លួន។បន្ទាប់ពី បាននាំគ្នាលើកក្មេងស្រីរង គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង តែមិនអាចជួយសង្គ្រោះបាន ដោយសារស្ថានភាពធ្ងន់ធ្ងរពេក។ បច្ចុប្បន្នសាកសពត្រូវបាន ក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

IMG_4119

មតិយោបល់