ព័ត៌មានជាតិ

មានអ៊ីចឹងទៀត! បាត់បន្តោងខ្សែក សួរនាំគ្មានអ្នកដឹងវាយបំផ្លាញទ្រព្យសម្បិត្តក្នុងផ្ទះបងថ្លៃប្តឹងកងរាជអាវុធហត្ថឲ្យចាប់ខ្លួន

បន្ទាយមានជ័យៈយោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថាបុរសម្នាក់ចិត្តខ្លាំងជាងប៉ែត វាយបំផ្លាញសម្ភារៈក្នុងផ្ទះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ខ្លួននៅវេលាម៉ោង០៥ល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ យ៉ា ភាព ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងឈ្មោះ សិន សម្ភស្ស ភេទប្រុស អាយុ៣៣ឆ្នាំ ដែលត្រូវជាប្អូនថ្លៃ បានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ខ្លួន កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ។ ក្រោយពីទទួលបានពាក្យបណ្ដឹងលោកបានចាត់ឱ្យកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាននៅវេលាម៉ោង០៥ល្ងាច ក្នុងថ្ងៃដដែល ព្រមទាំងដកហូតបានកាំបិតខ្វែវចំនួន០១ដើមផងដែរ។

លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុង បានបញ្ជាក់ថា ៖ ក្រោយពីចាប់ឃាត់ខ្លួន និងធ្វើការសាកសួរចម្លើយ ជនសង្ស័យឈ្មោះ សិន សម្ភស្ស បានសារភាពថា ៖ ខ្លួនគេពិតជាបានយកកាំបិតខ្វែវវាយបំផ្លាញ បណ្ដាលឱ្យបែកកញ្ចក់ទ្វារ និងសម្ភារៈផ្ទះបាយរបស់បងថ្លៃគេពិតប្រាកដមែន ព្រោះខ្លួនខឹងបាត់បន្តោងខ្សែកហើយសួររកគ្មានអ្នកណាដឹង។ ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត និងបានរៀបសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ហើយដែរ៕

មតិយោបល់