ព័ត៌មានជាតិ

អាណិតគាត់ណាស់! បុរសពិការម្នាក់ ប្រពន្ធស្លាប់ចោល ជួបការខ្វះខាត

តាកែវៈ លោកពូម្នាក់ ធ្លាក់ខ្លួនពិការ រស់ទាំងពិបាកវេទនា ក្រោយពីប្រពន្ធស្លាប់ចោល ស្រែកដង្ហោយរកជំនួយពីសប្បុរសជន លោកពូមានឈ្មោះ ធន់ រៀម អាយុ៥០ឆ្នាំ សព្វថ្ងៃគាត់រស់នៅក្នុងខ្ទមកំសត់តែម្នាក់ឯង នៅក្នុងភូមិព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីមុនលោកពូ បានរស់នៅក្នុងដីសហគមន៍ ជាមួយគ្រួសារ ដែលបងប្អូនប្រជាពលរដ្ឋ បានសាងសង់ផ្ទះឲ្យគាត់ រស់នៅជាបណ្ដោះអាសន្ន បន្ទាប់មកប្រពន្ធរបស់គាត់ ក៏បានស្លាប់បាត់បង់ជីវិត បន្សល់ទុកកូនស្រីតូចម្នាក់ ។

លុះក្រោយមក ប្រជាពលរដ្ឋ បានយកដីលំនៅដ្ឋាន ដែលគាត់រស់នៅនោះ មកធ្វើជារោងសហគមន៍ ដើម្បីប្រារព្ធពិធីបុណ្យផ្សេង នៅក្នុងភូមិនេះ។

ដោយទ្បែកបងស្រីម្នាក់ មានការអាណិតអាសូរ ទើបនាំបុរសពិការខាងលើ មកសង់ខ្ទមនៅដីខាងក្រោយ ផ្ទះរស់នៅ រហូតដល់កូនស្រីធំពេញវ័យ។ ជីវភាពរបស់គាត់ រកព្រឹកខ្វះល្ងាច ជាហេតុនាំឲ្យកូនស្រី សុំឪពុកទៅធ្វើការរោងចក្រ នៅរាជធានីភ្នំពេញ ដើម្បីយកលុយកាក់មកផ្គត់ផ្គង់ចិញ្ចឹមឪពុក ដែលធ្លាក់ខ្លួនពិការ។

ជាក់ស្ដែងដោយមើលឃើញពីការលំបាកបែបនេះហើយ ទើបបងប្អូនប្រជាពលរដ្ឋ សូមអំពាវនាវ ក៏ដូចសំណូមពរទៅដល់សប្បុរសជន អង្គការនានា មេត្តាជួយដល់គាត់ផង។ ទំនាក់ទំនងទូរសព្ទ័លេខ៖ 093 995 184៕

មតិយោបល់