ភ្នំពេញៈ បុរសម្នាក់បើកបររថយន្តតូយ៉ូតាព្រូស មួយគ្រឿងបោះពួយយ៉ាងលឿន មិនប្រយ័ត្ននៅផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តហាយឡាក់រីវ៉ូរ មួយគ្រឿងទៀត ខ្ទាតជាង៤០ម៉ែត្រ ក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចខាងមុខហាងកាហ្វេ HONESTcafé តាមបណ្ដោយផ្លូវ១០០៣ កែងនិងផ្លូវ១៩៥២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហាយឡាក់រីវ៉ូរ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BE-5458 ដែលបើកបរជាលក្ខណៈគ្រួសារ មានគ្នាចំនួន៥នាក់ តាមបណ្ដោយផ្លូវ១០០៣ ទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវ១៩៥២ហើយពេលដែលឆ្លង បានពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2R-8562 ដែលបើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ១៩៥២ ទិសដៅពីលិចទៅកើត ។ ខណៈពេលនេះដោយខ្វះការប្រុងប្រយ័ត្ន រួចក៏ជ្រុលទៅបុកចំចំហៀងខាងឆ្វេង ផ្នែកខាងក្រោយរថយន្តហាយឡាក់រីវ៉ូរពេញទំហឹងបណ្ដាលឲ្យរថយន្តហាយឡាក់រីវ៉ូរ ខ្ទាតទៅខាងមុខ ប្រមាណជាង៤០ម៉ែត្រ ក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តតូយ៉ូតាព្រូស បានរងការខូចខាតមួយកំណាត់ខាងមុខស្ទើរទាំងស្រុង ។ ប៉ុន្តែក្នុងហេតុការណ៍នោះ មិនបណ្ដាលឲ្យមាននរណាម្នាក់ រងរបួសនោះទេ បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យភាគីទាំងពីរធ្វើការចរចាដោះស្រាយគ្នា បន្ទាប់មកក៏មានដំណាងរបស់រថយន្តទាំងពីរគ្រឿង បានចេញមុខមកធ្វើការដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្តតូយ៉ូតាព្រូស ក៏ព្រមយករថយន្តហាយឡាក់រីវ៉ូរទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕
មតិយោបល់