ភ្នំពេញៈ កាលពីវេលាម៉ោង ១០នឹង៤០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុករថយន្ត។
រថយន្ដបង្កម៉ាក តូយ៉ូតាប្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AR-3975 បើកបរដោយជនជាតិចិន ៣នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ ធ្វើដំណើរពីលិចទៅកើត។ ចំណែកឯរថយន្តកុងតឺន័រម៉ាក នីសាន់ ពណ៌ខៀវឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-2928 ជារថយន្តរបស់ក្រុមហ៊ុនតេងឡាយ បើកបរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ របស់ផែស្ងួតតេងឡាយ បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្ដតូយ៉ូតាប្រូស ដែលជារថយន្តរបស់ជនជាតិចិន បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុរថយន្តតូយ៉ូតាព្រួស ដែលបើកបរដោយជនជាតិចិនខាងលើ បើករេចង្កូតទៅផ្នែកខាងឆ្វេង បណ្ដាលឲ្យបុករថយន្តកុងតឺន័រចំផ្នែកខាងស្ដាំរបស់រថយន្តកុងតឺន័រ និងបណ្ដាលឲ្យរថយន្តតូយ៉ូតាព្រូស ដែលជារថយន្តរបស់ជនជាតិចិនខាងលើ ខ្ទាតចេញពីកន្លែងកើតហេតុប្រមាណជិត ១០ម៉ែត្រ បណ្ដាលឲ្យធ្លាក់ប៉ើងជនរងគ្រោះជនជាតិចិន ២នាក់ ស្លាប់ភ្លាមៗ រីឯស្រ្តីជនជាតិខ្មែរម្នាក់និងជនជាតិចិនម្នាក់ទៀតរងរបួសធ្ងន់។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលភ្លាមៗតៃកុងរថយន្តកុងតឺន័រខាងលើ បានចុះពីលើរថយន្តហើយគេចខ្លួនបាត់ ជនរងគ្រោះពីរនាក់ដោយជនជាតិចិនម្នាក់ និងស្ត្រីជនជាតិខ្មែរ ត្រូវបានរថយន្តសាមុយឯកជនដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុជំនាញការិយាល័យរាជធានីភ្នំពេញ បានយករថយន្តទាំង ពីរគ្រឿង យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ចំពោះសពជនជាតិចិន ២នាក់ ត្រូវបានជំនាញបានយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ៕
មតិយោបល់