ភ្នំពេញៈ ស្ត្រីវ័យក្មេងម្នាក់ ទើបរៀបការបាន១៥ថ្ងៃ ក្រោយពីមានជម្លោះប្រកែកគ្នាជាមួយប្តី អាក់អន់ចិត្ត បែជាប៉ុនប៉ងចងកសម្លាប់ខ្លួនទៅវិញ តែមិនបានសម្រេច ដោយសារបងប្អូនសាច់ញាតិនៅក្បែរខាងដឹងទាន់ នាំគ្នាហែកទ្វារចូលទៅស្រាយទម្លាក់ចុះភ្លាមៗ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង ៤០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ជួលលេខ B5 ផ្លូវបេតុង ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ស្ត្រីវ័យវ័យក្មេងខាងលើមានឈ្មោះ ឈឿន សុផៃ អាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើត ភូមិតាយ៉ា ឃុំសង្គ្រាម ស្រុកស្ទោង ខេត្តកំពង់ធំ មានប្តីឈ្មោះ ឆូយ វី អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតភូមិ កោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ប្តីប្រពន្ធខាងលើ ទើបរៀបការបាន១៥ថ្ងៃនេះទេ និងស្នាក់នៅចំណុចបន្ទប់ជួលនៅចំណុចកើតហេតុ ។
បើតាមស្ត្រីឈ្មោះ រស់ វណ្ណ អាយុ៦២ឆ្នាំ មុខរបរ កសិករ រស់នៅ ភូមិកោះក្អែក ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលត្រូវជាម្តាយក្មេករបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា គាត់ទើបតែមកលេងកូនៗទេ ហើយមុនកើតហេតុ ខណៈដែលគាត់ កំពុងនៅបន្ទប់របស់កូនស្រីម្នាក់ទៀត ជួលស្នាក់នៅក្បែរគ្នានេះដែរ រីឯកូនប្រុសរបស់គាត់ ត្រូវជាប្តីរបស់ជនរងគ្រោះ ក៏មិននៅដែរ ចេញទៅធ្វើការងារបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើ ឃើញបន្ទប់របស់កូនប្រសារគាត់បិទដាក់គន្លឹះជិត ពេលនោះ ក៏មានបងថ្លៃស្រី ដើរទៅហៅ ក្នុងបំណងរកបាយកក តែមិនឮសូរឆ្លើយតប មិនអស់ចិត្ត មើលតាមប្រហោងទ្វារ ស្រាប់តែឃើញជនរងគ្រោះយកក្រមាពណ៌ក្រហម មកចងកភ្ជាប់នឹងដែកមួយដើមដាក់គងក្នុងបន្ទប់ ដៃជើងនៅទធាក់ ខ្វៃៗ ទើបស្រែកឆោឡោ ផ្អើលសាច់ញាតិ អ្នកជិតខាងនាំគ្នាហែកទ្វារ បើកគន្លឹះ ចូលស្រាយទម្លាក់ចុះភ្លាមៗ ទើបរួចផុតពីសេចក្តីស្លាប់ ។
តែបើតាមប្រភពពីសាច់ញាតិផ្សេងទៀត បានឲ្យដឹងថា កាលពីម្សិលមិញ ស្ត្រីរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយប្តី បែរជាអាក់អន់ចិត្ត មិននឹកស្មានថា នៅវេលាម៉ោងខាងលើ បែរជាប៉ុនប៉ងបញ្ចប់ជីវិតបែបនេះទៅវិញ សំណាងហើយបងប្អូនបានឃើញ និងជួយទាន់ពេល ។
តែបើតាមសម្តីសាមីខ្លួនផ្ទាល់ (ជនរងគ្រោះ)បានឲ្យដឹងថា គាត់ក៏មិនបានដឹងខ្លួនថា ប្រព្រឹត្តបែបគ្រោះថ្នាក់នេះដែរ ពោលនិយាយបែបជំនឿអរូបិយទៅវិញ ។
ទោះជាយ៉ាងណាក្តី ស្ត្រីវ័យក្មេងក្រោយពីរួចផុតពីសេចក្តីស្លាប់ សមត្ថកិច្ច អាជ្ញាធរក៏បានចុះទៅពិនិត្យ សាកសួរជាក់ស្តែង ករណីមួយនេះសំណាងណាស់ដែលមានអ្នកដឹង ជួយទាន់ពេល ៕
មតិយោបល់