ព័ត៌មានជាតិ

បុរសវ័យ៤៥ឆ្នាំម្នាក់ និងក្មេងប្រុសវ័យ១០ឆ្នាំម្នាក់ ស្លាប់ក្នុងថ្ងៃតែមួយ ដោយគ្រោះថ្នាក់ចរាចរណ៍

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យ ផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសចំណាស់ម្នាក់វ័យ ៤៥ឆ្នាំ និងក្មេងប្រុសម្នាក់វ័យ១០ឆ្នាំ បានបាត់បង់ជីវិត នៅថ្ងៃតែមួយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុក។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ២ករណី ដោយឡែកពីគ្នា ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ៖ ករណីទី១ – នៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ២៥៨ ត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែតលេខ១៥-១៦ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តបុកជាមួយម៉ូតូ ករណីនេះ ដំបូងគឺមានរថយន្ត០១គ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-8284 បានធ្វើដំណើរពីទិសខាងត្បូងទៅជើង ពេលដល់ចំណុចកើតហេតុ បានបុកម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រិន រ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ​ មានលំនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ខណៈមកពីបាញ់ថ្នាំស្រូវ បានធ្វើដំណើរពីទិសខាងជើងទៅត្បូង ច្រាស់ទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ បន្ទាប់មកបានស្លាប់ ពេលដឹកទៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្ត ក្រោយកើតហេតុ បានរត់គេចខ្លួន បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ​ មូលហេតុម៉ូតូបានចូលគន្លងផ្លូវរថយន្ត ឯរថយន្តបើកមានល្បឿនលឿន ។

លោកអធិការបានបញ្ជាក់ទៀតថា ៖​ ករណីទី២ គឺនៅវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ក្នុងទីប្រជុំជនលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨០-៣៨១ ស្ថិតនៅ ភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងដោយរថយន្តបុកអ្នកថ្មើរជើងឆ្លងថ្នល់ ដោយដំបូងមានរថយន្ត០១គ្រឿង ម៉ាកកាម៉ារី ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ2I-3001 បើកបរពីទិសខាងកើតទៅលិច មកដល់កន្លែងកើតហេតុ ស្រាប់តែទៅបុកអ្នកថ្មើរជើង កំពុងឆ្លងថ្នល់ ឈ្មោះ សួយ គឹមសាន ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ធ្វើដំណើរពីទិសខាងជើង ទៅត្បូង (ស្លាប់និងកន្លែងកើតហេតុ) ។ ក្រោយពីកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ តែត្រូវបានសមត្ថកិច្ចស្រាជ្រាវស្គាល់ ឈ្មោះ ឈាង រត្ថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មូលហេតុដែលកើតមានគ្រោះថ្នាក់ អ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ចំណែកសព ជនរងគ្រោះ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់