ព័ត៌មានជាតិ

វាយថៅកែក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD រហូតដល់ស្លាប់ដោយសារ ខឹងជនរងគ្រោះ តែងតែជេស្តីបន្ទោសមកលើខ្លួន រហូតមានគំនុំឈានទៅដល់ការសម្លាប់

ភ្នំពេញ: សំណុំរឿងឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចយកសាកសពច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលីទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ត្រូវកម្លាំងនគរបាលស្រាវជ្រាវ និងបំបែកបានដោយជោគជ័យ ឈានដល់ការចាប់ខ្លួនជនដៃដល់បានផងដែរ។

ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយនគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែនព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចចន្លោះគីទ្បូម៉ែត្រលេខ១០៤ -១០៥ ផ្លូវជាតិលេខ ៤ ស្ថិតនៅក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានជនសង្ស័យម្នាក់ជិះរថយន្តម៉ាក ហាយទ្បែនឌឺ ពណ៌ស មិនចាំស្លាកលេខ បានមកឈប់នៅចំណុចខាងលើ ហើយបានយកវ៉ាលីពណ៌ខ្មៅមួយ ចេញពីកូថរថយន្តទម្លាក់ទៅជ្រោះ រួចជនសង្ស័យនោះក៏បើករថយន្តគេចខ្លួនមកតាមផ្លូវជាតិលេខ៤ ឆ្ពោះមកភ្នំពេញ។

តាមការពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យា សាស្ត្រ និងគ្រូពេទ្យកោសល្យវិច្ច័យ សាកសពមានស្នាមវាយបែកក្បាលផ្នែកខាងក្រោយ និងស្នាមរបួសកស្តាំ និងឆ្វេង។

លុះនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Wu Hong អាយុ៤៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E06258381 ជាបុគ្គលិកក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD។

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, បានសហការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅឆែកឆេរ លំនៅដ្ឋានមួយកន្លែងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរកឃើញតំណត់ឈាមប្រទ្បាក់នៅតាមជញ្ជាំង, ពិដាន និងបានដកហូតវត្ថុតាងមួយចំនួន ដែលពាក់ព័ន្ធករណីឃាតកម្មខាងលើនេះ។

ឆ្លងតាមចម្លើយសារភាពជនសង្ស័យ បានសារភាពថា កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យពិតជា បានធ្វើសកម្មភាពវាយនឹងញញួរ ចំនួន៥ញញួរ ហើយចាក់មួយកំបិតចំបំពង់ក ទៅលើជនរងគ្រោះឈ្មោះ Zhnag Bing អាយុ៤៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG 0251671 ជាថៅកែក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD រហូតដល់ស្លាប់ប្រាកដមែន មូលហេតុដោយសារ តែខឹងជនរងគ្រោះ តែងតែជេស្តីបន្ទោសមកលើខ្លួន ហើយខ្លួនក៏មានគំនុំគំគួនរហូតឈានទៅដល់សម្លាប់តែម្តង។

ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានរៀបចំសាកសពដាក់ក្នុងវ៉ាលីពណ៌ខ្មៅមួយ ដឹកតាមរថយន្តមួយគ្រឿងម៉ាក ហាយទ្បែនឌឺ យកទៅទម្លាក់ចោលនៅផ្លូវជាតិលេខ ៤ ហួសកន្លែងយាយម៉ៅ (ភ្នំពេជ្រនិល) ចម្ងាយប្រហែល ២ទៅ៣គីទ្បូ រួចក៏បើករថយន្តមកភ្នំពេញវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

 

មតិយោបល់