ព័ត៌មានជាតិ

Update៖ មេការសំណង់ ក្នុងបុរីឡេងណាវ៉ាត្រាម្នាក់ ចង.កសម្លាប់ខ្លួន ចោលប្រពន្ធកូនឲ្យនៅកំព្រា

ភ្នំពេញ: បុរសម្នាក់ជាមេជាងម៉ៅការសំណង់ផ្ទះល្វែង ក្រុមហ៊ុន ឡេង ណាវ៉ាត្រា បានចង.ក សម្លាប់ខ្លួនក្នុងការដ្ឋានកំពុងសាងសង់ផ្ទះល្វែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាងសង់បុរី ឡេង ណាវ៉ាត្រា ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហ៊ិន ពុធ អាយុ ៣៩ឆ្នាំ មុខរបរមេការសំណង់ ក្នុងបុរីឡេងណាវ៉ាត្រា ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រោក ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធនិងកូន ៣នាក់នៅក្នុងបន្ទុក។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុដោយប្រពន្ធរបស់ជនរងគ្រោះបានទៅស្រុករយ:ពេល ២ ៣ថ្ងៃហើយដោយជនរងគ្រោះនៅធ្វើការធម្មតាដូចសព្វដង តែមិនដឹងមូលហេតុអ្វីទើបនៅព្រឹកថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួនជាប់ចន្លោះផ្ទះល្វែងដែលកំពុងសាងសង់ ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនត្យជាក់ស្តែង និងធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់