ភ្នំពេញៈ ខណៈដែលការប្រឡងបាក់ឌុបកាន់តែខិតជិតដល់ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ដែលជាតំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសមាគមសិល្បករខ្មែរ គង់នៅកុដិលេខ២៤ ក្នុងវត្តនាគវ័ន ក៏បានប្រកាសថា នឹងផ្ដល់រង្វាន់ Laptop ចំនួន១០គ្រឿង ដល់បេក្ខជនបេក្ខនារីដែលប្រឡងបាក់ឌុបក្នុងពេលខាងមុខដែលបានពិន្ទុខ្ពស់សម្រាប់អ្នកប្រឡងនៅខេត្តស្វាយរៀង។ នេះជាដំណឹងដែលធ្វើឲ្យមានការសាទរយ៉ាងខ្លាំងពីសំណាក់ប្អូនៗ ដែលជាបេក្ខជនបេក្ខនារីមានឈ្មោះប្រឡងបាក់ឌុបនៅខេត្តស្វាយរៀង នាថ្ងៃទី២២ ខែសីហាខាងមុខ។
ព្រះអង្គមានសង្ឃដីកា ប្រាប់ Post News ថា ដើម្បីជាការលើកទឹកចិត្តដល់បេក្ខជនបេក្ខនារីប្រឡងបាក់ឌុបឆ្នាំនេះ ព្រះអង្គនឹងផ្ដល់ Laptop ស៊េរីទំនើបចំនួន១០គ្រឿង ដល់អ្នកប្រឡងជាប់ ដែលមានពិន្ទុខ្ពស់ជាងគេ។ យ៉ាងណាមិញ ព្រះអង្គនឹងផ្ដល់ជូនតែសិស្សប្រឡងជាប់នៅក្នុងខេត្តស្វាយរៀងប៉ុណ្ណោះ ដោយសារតែកត់សម្គាល់ថា សិស្សដែលបានសិក្សានៅក្នុងខេត្តនេះ ច្រើនមានជីវភាពខ្វះខាត និងដើម្បីបំផុសឲ្យសិស្សនៅទូទាំងខេត្តស្វាយរៀង ទាំងមូល ប្រឹងប្រែងប្រឡងឲ្យបាននិទ្ទេសល្អ ដើម្បីទទួលបានឱកាសសិក្សាមហាវិទ្យាល័យប្រភេទអាហារូបការណ៍។ ព្រះអង្គមានសង្ឃដីកាថា នេះមិនមែនជាលើកទី១នោះទេ ដោយសារតែពេលកន្លងមក ក្នុងនាមជាក្រុមប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ ព្រះអង្គក៏បានគៀរគរជំនួយ និងផ្ដល់បច្ច័យផ្ទាល់ខ្លួនជួយដល់តារាសិល្បៈចាស់ៗធ្លាក់ខ្លួនឈឺ និងជួយដល់សិស្សនិស្សិតដែលមានជីវភាពខ្វះខាតឲ្យមានលទ្ធភាពបន្តការសិក្សាផងដែរ។
ការប្រកាសរបស់ព្រះអង្គ ត្រូវគេចាត់ទុកថា ជាទឹកព្រះទ័យដ៏កម្រ ដែលមានន័យថា ក្រៅពីជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ព្រះអង្គ នី សុវណ្ណមុនីរ៉េត ក៏មានទឹកព្រះទ័យអាណិតស្រឡាញ់ដល់តារាសិល្បៈ និងសិស្សនិស្សិតដែលមានតម្រូវខ្ពស់លើការសិក្សានោះផងដែរ។ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ប្រាប់ Post News ថា ព្រះអង្គបានទាក់ទងទៅកាន់ប្រធានមន្ទីរអប់រំខេត្តស្វាយរៀង ពាក់ព័ន្ធនឹងការស្រង់ឈ្មោះសិស្សដែលប្រឡងជាប់បាក់ឌុប ហើយមានពិន្ទុខ្ពស់ជាងគេនៅក្នុងខេត្តនោះរួចហើយ ដោយព្រះអង្គបញ្ជាក់ថា ឲ្យតែសិស្សនោះ មានពិន្ទុខ្ពស់ជាងគេប្រចាំខេត្តក្នុងចំណោម១០នាក់ គឺទោះជាបាននិទ្ទេសអ្វីក៏ដោយ នឹងបាន Laptop មួយគ្រឿងពីព្រះអង្គ។ ព្រះអង្គទទូចឲ្យសិស្សដែលដឹងថា ខ្លួនបានទទួលលំដាប់ពិន្ទុខ្ពស់ជាងគេក្នុងចំណោម១០នាក់ ទាក់ទងមកដោយផ្ទាល់ក៏បាននៅកុដិលេខ២៤ ក្នុងវត្តនាគវ័ន នោះព្រះអង្គនឹងប្រគល់រង្វាន់នេះឲ្យដោយគ្មានលក្ខណ្ឌនោះឡើយ។
គួរបញ្ជាក់ផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦នេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី ២២ និង២៣ សីហា ដោយមានបេក្ខជនប្រឡងសរុប ៩៣៧៥២នាក់ នៅទូទាំងប្រទេស និងមានមណ្ឌលប្រឡង១៥៧មណ្ឌល ចែកចេញជា៣៧៨១បន្ទប់ នៅរាជធានី និងខេត្តទាំង២៥៕
មតិយោបល់