ព័ត៌មានជាតិ

រថយន្ត ពាក់ផ្លាកលេខ ខេមរភូមិន្ទ 01 2-4761បុកថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ជ្រុលទៅបុកទ្វារផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿនដូចហោះរួចបានរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង និងជ្រុលបន្តទៅបុក ទ្វារផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ត្រង់ ចំណុចស្តុបទំនប់ទឹក តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ ទួលទំពូងទី២ ដែលជាព្រុំប្រទល់ និងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ហ្វត់រ៉េនជ័រ ពណ៌ទ្រីអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 01 2-4761។ ដែល បើកបរដោយ ក្នុងស្ថានភាពស្រវឹងជោកជាំតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីក្បាលថ្នល់ទៅស្ទឹងមានជ័យ និងក្នុងល្បឿនយ៉ាងលឿន។ លុះ មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត បានរេចង្កូតទៅខាងឆ្វេងទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ មួយផ្ទាំង ខ្ទាតទៅកណ្ដាលផ្លូវ ម្ខាងទៀត រងការខូចខាត។ តែ រថយន្តបង្កនៅមិនទាន់អស់ល្បឿនរួចក៏រេចង្កូតទៅខាងឆ្វេងជ្រុលចូលទៅផ្លូវម្ខាងទៀតទៅបុកទ្វារផ្ទះប្រជាពលរដ្ឋ ដែលជាហាង លក់កាហ្វេពេលព្រឹកបណ្តាលឲ្យបាក់ បែកជញ្ជាំងនិងវៀចទ្វារដែកមួយផ្ទាំង(ប្រភេទទ្វាររូត)។ ចំណែកឯរថយន្តបង្កទៅមុខលែងរួចបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែមិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ ។

បន្ទាប់ពីបានបង្កជាគ្រោះថ្នាក់ចរាចរណ៍រួច បុរសដែលជាអ្នកបើកបររថយន្ត ក៏បានអះអាងពីមូលហេតុ ទាំងស្ថានភាពស្រវឹងថាដោយសារតែមានម៉ូតូមួយគ្រឿងបាន បើកឆ្លងកាត់ពីមុខរថយន្ត របស់គាត់។ ហើយ គាត់ខំព្យាយាមរេចង្កូតគេចទៅខាងឆ្វេងរួចក៏បង្កឲ្យកើតជាគ្រោះថ្នាក់ ចរាចរណ៍ខាងលើតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បាន ចុះមកធ្វើការ វាស់វែងស្ទូចយករថយន្តបង្ករួមទាំងអ្នក បើកបរ
នាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ដើម្បីរង់ចាំធ្វើការ ដោះស្រាយ និងចាត់ការ ទៅតាមនីតិវិធី ច្បាប់ជាបន្តទៀតនៅ ពេល ក្រោយ ៕

មតិយោបល់