ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ត្រូវរន្ទះបាញ់ដេកស្លាប់ក្បែរម៉ូតូលើខ្នងប្រឡាយ នៅស្រុករំដួល

ស្វាយរៀង: នៅវេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ដេកដួលក្បែរម៉ូតូលើខ្នងប្រឡាយ ស្ថិតក្នុងភូមិបឹង ឃុំកំពង់ពិល ស្រុករំដួល ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ កឹង យ៉ាត អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ខណ:មានភ្លៀងធ្លាក់រលឹមៗតិច លាយឡំនិងខ្យល់កន្ត្រាក់ផងនោះ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ លើខ្នងប្រឡាយ រំពេចនោះក៏ឮសំឡេងរន្ទះបាញ់ផាំង មួយសន្ទុះក្រោយមកក៏ប្រទះឃើញ បុរសរងគ្រោះដេកស្លាប់ក្បែរម៉ូតូ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់