ផ្ទះ ព័ត៌មានជាតិ កម្លាំងនគរបាល...

កម្លាំងនគរបាលខេត្តព្រះសីហនុ បំបែកសំណុំរឿងឃាតកម្ម និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៣នាក់

0

ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញខេត្តបានស្រាវជ្រាវឃាត់ខ្លួនជនជាតិចិន(ប្រុស.ស្រី) ចំនួន ៣នាក់ពាក់ព័ន្ធករណីឃាតកម្ម នៅកាស៊ីណូជៀឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្ដព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោស្នងការបានឲ្យដឹងថា កាលពីវេលាម៉ោង៨នឹង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលព័ត៌មានថា ប្រទះឃើញសាកសពក្នុងរថយន្ដ Highlander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3012 ចតទុកចោលនៅបណ្ដោយវិថីលេខ៨៣៥ ម្ដុំគោលដៅP12 ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ក្រោយពេលពិនិត្យ និងកោសល្យវិច័យ ជាលទ្ធផល៖ សព ភេទប្រុស ជាជនជាតិចិន (មិនស្គាល់អត្ដ សញ្ញាណ) ស្លាប់ដោយករណីឃាតកម្ម(បាក់កស្លាប់)។

លោកស្នងការបន្ថែមថា រហូតដល់វេលាម៉ោង១០នឹង៣០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ LI FENG ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ជាសន្ដិសុខកាស៊ីណូជៀវឡុងជូរ ស្នាក់នៅកាស៊ីណូជៀវឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ខណ:ពេលជននេះ រួមនឹងបក្ខពួកបម្រុងគេចខ្លួនពីកន្លែងស្នាក់នៅ។ ក្រោយពេលសាកសួរ និងតាមការចង្អុលបង្ហាញពីសាក្សី ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្ម កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៤នឹង៣០នាទីទៀបភ្លឺ នៅកាស៊ីណូជៀវឡុងជូរ ដោយរូបគេនិងបក្ខពួកបានយកសាកសពចុះពីជាន់លើនៃកាស៊ីណូ ចុះមកក្រោមដាក់ចូលក្នុងរថយន្ដម៉ាក High lander ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-3012 យកទៅប្លុងចោល។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រហូតដល់វេលាម៉ោង១៣នឹង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដ បន្ដប្រតិបត្ដិការ ដោយមានការដឹកនាំ និងសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅកាន់ទីតាំងកាស៊ីណូជៀវឡុងជូរ(កន្លែងកើតហេតុ)។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ក្នុងករណីនេះសរុបចំនួន០៣នាក់៖ទី១-ឈ្មោះ Li Feng ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ សន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖EE6258754 ស្នាក់នៅកន្លែងកើតហេតុ (ជាចារី), ទី២-ឈ្មោះ Yu YanLong ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរ សន្ដិសុខកាស៊ីណូ កាន់លិខិតឆ្លងដែនលេខ៖EH1515086 ស្នាក់នៅកន្លែងកើតហេតុ (ជាសហចារី), ទី៣-ឈ្មោះ Tu Lin ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងបុគ្គលិកជនជាតិចិន កាន់លិខិត ឆ្លងដែនលេខ៖G53041257 ស្នាក់នៅកន្លែងកើតហេតុ (អ្នកសមគំនិត)។

សម្ភារវត្ថុតាងចាប់ដកហូតបានរួមមាន៖ រថយន្ដ០១គ្រឿងម៉ាក Highlander ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC-3012 (មធ្យោបាយធ្វើសកម្មភាព), ក្បាលឌីវីអ័រ ចំនួន០២គ្រឿង, ហាតឌីស ចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០៣គ្រឿង, លិខិតឆ្លងដែនចំនួន ០២ក្បាល, កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១,រថយន្ដ០១គ្រឿងស្ដារិក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9280។

បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារវត្ថុតាង សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងបំពេញនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការបន្ដតាមផ្លូវច្បាប់៕

មតិយោបល់