ព័ត៌មានជាតិ

មន្រ្តីជំនាញមិនអនុញ្ញាតឲ្យចរាចរលើទីផ្សារបណ្តោះអាសន្ន ស្រានាំមកពីអាមេរិក និងកូរ៉េ ចំនួន៣កុងតឺន័រ រង់ចាំលទ្ធផលវិភាគ

ព្រះសីហនុ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ និងរដ្ឋាករកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសហការគ្នាត្រួតពិនិត្យ និងវាយតម្លៃគុណភាពទំនិញ ក្នុងនិក្ខិត្តភ័ណ្ឌគយ (ទំនិញគ្មានការទាមទា) ដែលជាប្រភេទផលិតផលស្រា ដែលមានទីតាំង ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើផលិតផលស្រារួមមាន៖
-ស្រាម៉ាក Medea Vodka ចំនួន ១ទូកុងតឺន័រ ស្មើនឹង ១២០០កេស របស់ក្រុមហ៊ុន Quality Consumer Goods (Cambodia) CO.,LTD មានប្រភពមកពីប្រទេសអាមេរិក
-ស្រាកូរ៉េ (Korean Wine) ចំនួន ២ទូកុងតឺន័រ ស្មើនឹង ២១២២កេស មានស្រាចំនួន ៦ប្រភេទ របស់ក្រុមហ៊ុន One Enterprise (Cambodia) Co., Ltd មានប្រភពមកពីប្រទេសកូរ៉េ។

ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា ផលិតផលខាងលើមានសម្បកវេចខ្ចប់ និងមានបញ្ជាក់ពីប្រភេទ និងប្រភពត្រឹមត្រូវ។ មន្រ្តីជំនាញបានសម្រេចបិទសៀលលើទូកុងតឺន័រទាំងនោះ និងមិនអនុញ្ញាតឱ្យចរាចរលើទីផ្សារបណ្តោះអាសន្ន រង់ចាំលទ្ធផលវិភាគដែលបានបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប.៕

មតិយោបល់