ភ្នំពេញៈ យោងតាមការឲ្យដឹងពីលោក លី សុផាណា អ្នកនាំពាក្យអយ្យអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការកាន់សំណុំរឿងផ្ទាល់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា «តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជូនដីកាកោះហៅជាលើកទី២ ទៅជនជាប់សង្ស័យឈ្មោះ ថាក់ ឡានី ហើយមេធាវីការពារក្តីបានទទួលដីកានេះ រួចហើយនៅ ខណៈពេលដែលជនជាប់សង្ស័យរូបនេះមិនចូលខ្លួននៅកាលបរិច្ឆេទកោះហៅលើកទី១»។
លោក លី សុផាណា បញ្ជាក់ថា ដីកាកោះនោះលោកបានចេញកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ដោយតម្រូវឲ្យលោកស្រី ថាក់ ឡានី ចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ខាងមុខ។
សូមជម្រាបជូនថា តំណាងអយ្យការធ្លាប់បានចេញដីកាកោះហៅលោកស្រី ថាន់ ឡានី ចូលខ្លួនបំភ្លឺរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ម្តងរួចមកហើយ ប៉ុន្តែលោកស្រី ថាក់ ឡានី មិនបានចូលខ្លួនដើម្បីឲ្យតំណាងអយ្យការស្តាប់ចម្លើយ លើបណ្តឹងរបស់លោកមេធាវី គី តិច នៅក្នុងសំណុំរឿងលេខ ៣៦៥៤ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នោះទេ ដោយលោកស្រីបានឲ្យលោក សំ សុគង់ ដាក់ពាក្យស្នើសុំពន្យាពេលផ្តល់ចម្លើយ។
ការដាក់ពាក្យស្នើសុំពន្យាពាលចូលបំភ្លឺត្រូវបានលោក លី សុផាណា បដិសេធដោយសំអាងថា ការស្នើសុំពន្យារពេលនេះមិនមានមូលដ្ឋានគតិយុត្តិ និងមិនមានមូលហេតុរបស់សាមីខ្លួនច្បាស់លាស់។
សូមបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្ដេចតេជោ ហ៊ុន សែន បានចូលបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការ ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្តឹងលោកសម រង្ស៊ី និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ ជុំវិញការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា ជាអ្នករៀបចំគម្រោងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
គួររំឭកថា វីដេអូឃ្លីបរបស់លោកស្រី ថាក់ ឡានី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលលោកស្រីបានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅឯខេត្តរតនគិរីដោយមានខ្លឹមសារថា «ហើយឥឡូវនិង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះឡើង ចុះឡើង ទៅបាញ់លោក កែម ឡី អ្នក វិភាគនយោបាយ ឃើញទៅ»។
ក្រៅពីចេញដីកាកោះហៅសមាជិកព្រឹទ្ធសភាបក្សប្រឆាំងលោកស្រី ថាន់ ឡានី នេះ តំណាងអយ្យការដដែលក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងឲ្យចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ខាងមុខផងដែរ បើទោះជាមេបក្សប្រឆាំងរូបនេះត្រូវគេដឹងថាកំពុងនារទេសខ្លួននៅបរទេសក៏ដោយ។
មូលហេតុនៃការប្តឹងលោក សម រង្ស៊ី ពីសំណាក់មេធាវីតំណាងឲ្យសម្តេចតេជោនាយករដ្ឋមន្ត្រី គឺកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោក សម រង្ស៊ី បានសរសេរលើទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន (Sam Rainsy) «ការបាញ់សម្លាប់លោកកែម ឡី ជាអំពើភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច និងលោក សម រង្ស៊ី បានធ្វើកិច្ចសម្ភាសជាមួយវិទ្យុ អាស៊ីសេរី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ដោយបានបញ្ជាក់ពីការចោទប្រកាន់ដដែលៗ នាំឲ្យមហាជនដែលនិយមប្រើបណ្ដាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកនិង បញ្ចេញមតិ ថ្កោលទោសលើរាជរដ្ឋាភិបាលកម្ពុជា»៕
មតិយោបល់