ព័ត៌មានជាតិ

សំណាញ់ច្បាប់តាមវែកមុខជនសង្ស័យពីបទឆបោកនិងប្រើប្រាស់ឯកសារសាធារណ:ក្លែង រហូតឈានដល់ការឃាត់ខ្លួនបានតែម្តង

ត្បូងឃ្មុំៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១និង៥០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនវត្តដីកា បង្គាប់ឲ្យចាប់ខ្លួនលេខ ១៧៤១ ចេញដោយលោកស្រី ហៃ ណៃហេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តត្បូងឃ្មុំ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ពីបទ ឆបោក និងប្រើប្រាស់ឯកសារសាធារណ:ក្លែង ប្រព្រឹត្តនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ជាលទ្ធផល សមត្ថកិច្ចយើង បានចាប់ខ្លួនឈ្មោះ ផៃ ចាន់ភត្រា ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ នៅភូមិជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅចំណុចហាងកាហ្វេ យីហោ ធីមកាហ្វេ ស្ថិតក្នុងភូមិគៀនឃ្លាំងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនឈ្មោះ ផៃ ចាន់ភក្រា និងរថយន្តម៉ាក រ៉េងរ៉ូវើពណ៌ទឹកប្រាក់ ដែលឈ្មោះនេះកំពុងប្រើប្រាស់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ៕

 

មតិយោបល់