បាត់ដំបងៈ ថៅកែត្រីបាត់ដំបងមានវិប្បដិសារី ខណៈដែលខំទុកចិត្តលើសមត្ថកិច្ចវៀតណាមខំនាំយកប្រហិតត្រីមកបោះម៉ូយ ធ្វើណែម ដែលគ្មានជាតិគីមី ទីបំផុតសុទ្ធតែ (ជាតិបូរ៉ាក់) ប៉ះពាល់ សុខភាពពលរដ្ឋ ត្រូវបានសមត្ថកិច្ចបិទអាជីវកម្មសិប្បកម្មមួយចំនួនធំហើយ កម្មករជាច្រើននាក់ប្រឈមនឹងការដាច់បាយទៀតផង..។
អ្នកស្រី ឃុន ស៊ីហ៊ួយ ជាថៅកែត្រី(ឈ្មួញកណ្តាល)ដែលជាអ្នកផ្គត់ផ្គង់ត្រីសម្រាប់សិប្បកម្មធ្វើណែម នៅបាត់ដំបងនោះ បានផ្តល់ បទសម្ភាសន៍ ជាមួយក្រុមអ្នកយកព័ត៌មានទាំងទឹកមុខក្រៀមក្រំដោយមានវិប្បសារី គ្រាដែលម្ចាស់សិប្បកម្មធ្វើណែម ដែលជាម៉ូយ ត្រីរបស់គាត់ជាច្រើន ត្រូវបានសមត្ថកិច្ច បិទអាជីវកម្ម ក្រោយពីមន្ត្រីជំនាញកាំកុងត្រូល រកឃើញជាតិ (បូរ៉ាក់) នៅក្នុងសាច់ត្រីយកមកធ្វើណែមដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋធ្ងន់ធ្ងរនោះ។
អ្នកស្រី ឃុន ស៊ីហ៊ួយ បន្តឲ្យដឹងទៀតថា នេះជាកំហុសរបស់គាត់ដែលទុកចិត្តទៅលើតែខាងភាគីវៀតណាម ដោយសម្អាងថា គេមានលិខិតបញ្ជាក់ការត្រួតពិនិត្យរបស់ឡាបូពីប្រទេសវៀតណាមត្រឹមត្រូវ ទើបអ្នកស្រីហ៊ាននាំយកត្រីដាវនោះយកមកបោះឲ្យម៉ូយ ដើម្បីធ្វើណែម ព្រោះបច្ចុប្បន្នត្រីខ្មែរមានការខ្សត់ខ្សោយ។
ទោះយ៉ាងណា ក្រោយពីសមត្ថកិច្ចបិទអាជីវកម្ម សិប្បកម្មធ្វើណែមបាត់ដំបងទ្រង់ទ្រាយធំនោះ ធ្វើឲ្យគាត់មានការពិបាកយ៉ាងខ្លាំង ព្រោះតែម្ចាស់សិប្បកម្មធ្វើណែម និងកម្មករជាច្រើនប្រឈមទៅនឹងបញ្ហាជីវភាព។
អ្នកស្រីបន្តទៀតថា នៅក្នុងខេត្តដំបងជាពិសេសស្រុកឯកភ្នំ មានសិប្បកម្មធ្វើណែមនេះមិនតិចជាង៥០កន្លែងទេ ហើយក្នុង១កន្លែងៗ ប្រើកម្មករ យ៉ាងតិច៤០ទៅ៥០នាក់ លុះពេលជួបបញ្ហាបែបនេះ ធ្វើឲ្យកម្មករអត់មានការងារធ្វើ គ្មានប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ។ រហូតមានអ្នកខ្លះបានធ្វើការចំណាកស្រុកទៅរកការងារនៅប្រទេសថៃទៀតផង។
ជាចុងក្រោយ អ្នកស្រីសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច គួរតែកុំបិទអាជីវកម្ម សិប្បកម្មធ្វើណែម ដែលជាញើសឈាម របស់ប្រជាពលរដ្ឋក្នុងខេត្តនេះអី គួរតែទុកឱកាសឲ្យពួកគាត់បើករបររកស៊ី ដើម្បីទ្រទ្រង់ជីវភាពគ្រួសារកាត់បន្ថយភាពក្រីក្រ និងការចំណាកស្រុក។
អ្នកស្រីក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យជួយគាំទ្រផលិតផលខ្មែរដូចជួយខ្មែររាប់សិបគ្រួសារឲ្យមានការងារធ្វើដែរ ក្នុងនោះអ្នកស្រីក៏ជួយជំរុញឲ្យគ្រប់ម្ចាស់សិប្បកម្មធ្វើណែមខេត្តបាត់ដំបងទាំងអស់ត្រូវងាកមកយកត្រីនួនចាន់ និងត្រីឆ្តោខ្មែរ ដើម្បីស្តារកិត្តិយសដ៏ល្បីល្បាញរបស់ណែមឆ្ងាញ់បាត់ដំបងឡើងវិញ។
ដើម្បីស្តារ និងកែច្នៃសិប្បកម្មផលិតណែមត្រី ណែមសាច់ជ្រូកឲ្យមានភាពប្រសើរឡើងវិញ អ្នកស្រី ឃុន ស៊ីហ៊ួយ នឹងខិតខំពន្យល់ ដាស់តឿន ជំរុញសមាគមនេះ ឲ្យចេះតស៊ូ និងប្រឹងប្រែងអនុវត្តបន្ត ហើយសិប្បកម្មទាំងអស់មានអាជ្ញាប័ណ្ណគ្រប់ៗគ្នាផងដែរ។
ជាក់ស្ដែងសមាគមនេះ គឺពិតជាមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវទទួលស្គាល់ ពីនាយកដ្ឋានកាំកុងត្រូល ហើយមានច្បាប់ត្រឹមត្រូវ ដូចបានបង្ហាញខាងក្រោមស្រាប់៕
មតិយោបល់