ព័ត៌មានជាតិ

ចិនមួយក្រុម បើករថយន្តស៊េរីទំនើប១គ្រឿង បុកហាយលេនឌ័រ បណ្តាលឲ្យខូចខាត និងសងសំណងជាង២ពាន់ដុល្លារ

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ រួមដំណើរនឹងស្ត្រីចាស់ក្មេងចំនួន៤នាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកផច១គ្រឿង ជ្រុលទៅបុករថយន្តហាយលេនឌ័រ នៅត្រង់ចំណុចផ្លូវបែកជាបួនពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងវៀចកង់ក្រោយម្ខាង ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពាននាគវត្តភ្នំ តាមបណ្ដោយផ្លូវព្រះនរោត្តម កែងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ រួមដំណើរនឹងស្ត្រីក្មេងចាស់ចំនួន៤ នាក់ទៀត បើករថយន្តស៊េរីទំនើបម៉ាកផច មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BA-7779 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចផ្លូវបែកជាបួន បានជ្រុលចង្កូតទៅបុករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AD-6285 បើកបរដោយស្ត្រីម្នាក់ រួមដំណើរនឹងស្ត្រី៤នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ១០៦ ទិសដៅពីកើតទៅលិច ចំកង់ក្រោខាងក្រោយខាងស្តាំពេញទំហឹង បណ្តាលវៀចនឹងរងការខូចខាតផ្នែកខាងមុខបន្តិចបន្តួច ។ ចំណែករថយន្តម៉ាកផច ខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា អស់រយ:ពេលជិតមួយម៉ោង ទើបខាងភាគីជនជាតិចិន បានចេញសំណងចំនួន២៥០០ដុល្លារ ទៅឲ្យភាគីរថយន្ត ហាយលេនឌ័រជនជាតិខ្មែរ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

មតិយោបល់