ធនាគារកណ្តាលលីបង់បានសម្រេចផ្អាក ការផ្គត់ផ្គង់ប្រាក់កម្ចី សម្រាប់ការនាំចូលប្រេង ដើម្បី កាត់បន្ថយសម្ពាធលើកេសប្រាក់បម្រុងរបស់ធនាគារ។ តាមប្រធានធនាគារកណ្តាលលីបង់ ចាប់តាំងពីលីបង់ជួបវិបត្តិសេដ្ឋកិច្ច ២ឆ្នាំមកនេះ (ពីឆ្នាំ ២០១៩) សាច់ប្រាក់បម្រុងរបស់ធនាគារកណ្តាលបានថយចុះ អស់៥០% ពី ៣០ពាន់លានដុល្លារ មកនៅត្រឹម ប្រមាណ ១៤ពាន់លានដុល្លារ។
ការសម្រេចចិត្តរបស់ធនាគារកណ្តាលបានបង្កឲ្យមានភាពវឹកវរ ចលាចល បន្ទាប់ពីស្ថានីយ៍លក់ប្រេងជាច្រើនបានបិទទ្វារ ក្នុងហេតុផល គ្មានទុន ប្រាក់កម្ចីគ្រប់គ្រាន់ពីធនាគារ សម្រាប់ទិញ នាំចូលប្រេង។
នៅថ្ងៃសៅរ៍ ប្រធានធនាគារកណ្តាលលីបង់ លោករីយ៉ា សាឡាម៉េស Riad Salameh បានចោទប្រកាន់ ដាក់បន្ទុក ក្រុមហ៊ុននាំចូលប្រេង និងស្ថានីយ៍លក់ប្រេង ថា ជាអ្នកឆ្លៀតឱកាស កេងយកប្រយោជន៍ពីប្រាក់ជំនួយឧបត្ថម្ភពីរដ្ឋាភិបាល ដើម្បីទិញស្តុកប្រេង សម្រាប់លក់ក្នុងតម្លៃខ្ពស់ នៅផ្សារងងឹត ឬសម្រាប់នាំចេញទៅលក់នៅប្រទេសស៊ីរី។ តាមលោកសាឡាម៉េស ប្រាក់កម្ចី ៨២០លានដុល្លារ អាចឲ្យគេនាំចូលប្រេង ក្នុងរយៈពេល ៣ខែ ប៉ុន្តែ ក្រុមហ៊ុនអះអាងថា គេប្រើបានតែ១ខែប៉ុណ្ណោះ។
នៅប៉ុន្មានសប្តាហ៍មកនេះ ស្ថានីយ៍ លក់ប្រេង ជាច្រើនបានបិទទ្វារ ជាបន្តបន្ទាប់ក្នុងលេស ថា គ្មានប្រេងក្នុងស្តុកទៀតនោះទេ។ នៅតាមស្ថានីយ៍មួយចំនួនដែលនៅបើកទ្វារនៅឡើយ ប្រជាជនបានសម្រុក តកន្ទុយគ្នា ចូលទិញប្រេង ដោយសារខ្លាចខ្វះប្រេងប្រើប្រាស់ ចំណែក ហាងទំនិញ និងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីត្រូវបិទទ្វារ រហូតធ្វើឲ្យលីបង់មួយភាគធំ ត្រូវដាច់ភ្លើង ធ្លាក់ក្នុងភាពងងឹតជាង ២០ម៉ោង ក្នុងមួយថ្ងៃៗ។ ដោយសារតែរឿងគ្មានប្រេងលក់ ប្រជាជនលីបង់បារម្ភផងដែរ ពីទំនិញឡើងថ្លៃ ក្នុងពេលដែលប្រាក់ផោន (Pound)របស់លីបង់បានថ្លាក់ចុះថ្លៃអស់ ៩០%។
នៅថ្ងៃសៅរ៍ម្សិលមិញ ទាហានលីបង់ត្រូវបានដាក់ពង្រាយនៅតាមស្ថានីយ៍ លក់ប្រេង និងចាប់រឹបអូសបានប្រេង ជាច្រើនស៊ីទែន។ កងទ័ពលីបង់បានគំរាមក្រុមហ៊ុននាំចូលប្រេង និងស្ថានីយ៍ប្រេងឲ្យបើកទ្វារ លក់ប្រេង ធម្មតាឡើងវិញ បើមិនដូច្នេះទេ កងទ័ពនឹងរឹបអូសប្រេង ដើម្បីយកចែកចាយដោយឥតគិតថ្លៃ ដល់ប្រជាជនលីបង់។
តាមធនាគារពិភពលោក លីបង់កំពុងជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ជាងគេក្នុងពិភពលោក ដែលបានជំរុញឲ្យប្រជាជនលីបង់ជាង ៧៨%ធ្លាក់ខ្លួន រស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ៕
មតិយោបល់